(សេអ៊ូល, កូរ៉េ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយលោក អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល (Seoul) នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាលាក្រុងសេអ៊ូលថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះលោក នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះអភិបាលរដ្ឋធានីសេអ៊ូល។

លោកអភិបាលរដ្ឋធានីសេអ៊ូល និងលោកអភិបាលខេត្តកំពង់ធំ បានលើកឡើងអំពីស្ថានភាពដូចគ្នា នៃភូមិសាស្ត្ររដ្ឋធានី និងខេត្តទាំងពីរ ដែលមានទន្លេហាន និងស្ទឹងសែន ឆ្លងកាត់ និងដែលផ្តល់ផលយ៉ាងល្អប្រសើរដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយក្នុងនោះ រដ្ឋធានីសេអ៊ូលបានរៀបចំកែលម្អដងទន្លេហាន បានយ៉ាងល្អប្រសើរ។

អភិបាលរដ្ឋធានីសេអ៊ូល បានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទពិសោធន៍ដ៏ល្អរបស់រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជា ពិសេសនៅតាមដងស្ទឹងសែនរបស់ខេត្តកំពង់ធំផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានអញ្ជើញលោក អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល មកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានស្នើសុំអាហារូបករណ៍ជូនមន្ត្រីរាជការខេត្តកំពង់ធំ មកសិក្សានៅសាកល វិទ្យាល័យសេអ៊ូល ដែលជាគ្រឹះស្ថានឧត្តមសិក្សាមួយរបស់រដ្ឋធានីសេអ៊ូល។ លោក អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល បានឆ្លើយតបជាវិជ្ជមានលើការលើកឡើងរបស់រដ្ឋបាលខេត្តកំពង់ធំ។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានថ្លែងអំណរគុណលោក អូ សេហ៊ូន អភិបាលរដ្ឋធានីសេអ៊ូល ដែលបានទទួលសំណូមពររបស់លោក ពិសេសបង្កើនភាពជិតស្និត ទំនាក់ទំនងល្អរវាងរដ្ឋបាលទាំងពីរផងដែរ៕