(ស្ទឹងត្រែង)៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ និស្សិតចំនួន២២១នាក់ (ស្រី១៤៤នាក់) មកពីបណ្តាខេត្ត សហគមន៍ចម្រុះ នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែងទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន សារធាតុគីមីផ្សំ និងអត្ថប្រយោជន៍App NoDrug ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួមនិងបានបំផុសឱ្យនិស្សិតទាំងអស់ ចូលរួមឱ្យបានសកម្មក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមកដល់ពេលនេះមាននិស្សិតចំនួន៥០០នាក់បានចូលរួម។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណចំពោះការចូលរួមរបស់សាលាសំដៅលើក កម្ពស់ប្រសិទ្ធភាពនៃការចូលរួមរបស់ពួកគាត់ ក្រុមគ្រួសារក៏ដូចជាសហគមន៍របស់ពួកគាត់ដើម្បីចៀសផុតបានពីបញ្ហាគ្រឿងញៀន និងទប់ស្កាត់ការផលិតកែឆ្នៃគ្រឿងញៀន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តទៀតថា បញ្ហាគ្រឿងញៀននៅតែមិនទាន់ថមថយដូចនេះការចូលរួមជួយពីគ្រប់សមាសភាពនៅមូលដ្ឋានទាំងអស់ នៅតែចាំបាច់បំផុត និងបានសំណូមពរដល់និស្សិត ចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយឱ្យក្រុមគ្រួសារប្រើប្រាស់ App NoDrug ដើម្បីចំណេះដឹង ព័ត៌មាន និងរាយការណ៍រាល់ករណីគ្រឿងញៀនដោយគ្មានអត្តសញ្ញាណអ្នករាយការណ៍ ហើយទទួលបានការដោះស្រាយទាន់ពេលវេលា។
វាគ្មិនគឺឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា និស្សិតបានយល់ដឹងពីយន្តការគ្រប់គ្រងនិងមុខងារសារធាតុគីមីផ្សំក្នុងសង្វាក់ផលិតកម្មគ្រឿងញៀនខុសច្បាប់ អ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់App NoDrug៕