(សៀមរាប)៖ ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្នើងកែឆ្នៃ (កាំភ្លើងឆ្នុក) បាញ់ទៅលើបុរសជាជនរងគ្រោះម្នាក់ ឈ្មោះ ឌុក ឌឿម អាយុ៥០ឆ្នាំ មុខរបរ ភ្នាក់ងារអភិរក្សប្រាសាទ (អាជ្ញាធរអប្សរា) ពីក្រោយខណៈពេលកំពុងអង្គុយជួបជុំនៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មណ្ឌលសុខភាពខ្នងភ្នំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះ សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ អាយុ២០ឆ្នាំ ដែលមានទីលំនៅនៅភូមិជាមួយ ជនរងគ្រោះខាងលើនៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ នាំយកមកកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាមចាប់យក រួមមាន៖ កាំភ្លើងកែច្នៃ ចំនួន១ដើម រួមនឹងសម្ភារមួយចំនួនទៀត។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើ បានសារភាពឱ្យដឹងថា រូបខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកកាំភ្នើងកែច្នៃ បាញ់ទៅលើបុរសជាជនរងគ្រោះប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយឈ្មោះ ភឿន ផិត ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួនចំនួន២កៅអី ធ្វើឲ្យខ្លួនមានកំហឹងក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំដឹងថារូបខ្លួនបែរជាបាញ់ច្រឡំចំទៅលើជនរងគ្រោះឈ្មោះ ឌុក ឌឿម ទៅវិញ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕