(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានទទួលស្វាគមន៍ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ នាល្ងាចថ្ងៃពុធនៅឯការិយាល័យនាយករដ្ឋមន្រ្តី ដោយក្នុងឱកាសនោះដែរលោក អាបេ មិនបាន ស្ទាក់ស្ទើរឡើយក្នុងការបង្ហាញពីគោលបំណងពង្រីកការគាំទ្រ លើកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីននៅ ក្នុងវិស័យសេដ្ឋកិច្ច និងសន្តិសុខជាតិព្រមទំាងអះអាងពីសារៈសំខាន់ នៃការរក្សាកងទ័ពអាមេរិក នៅក្នុងតំបន់ ខណៈចិនកំពុងពង្រីកឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន NHK នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ឌូធើតេ លោក អាបេ បានសន្យាថាជប៉ុននឹងផ្ដល់នាវាល្បាត ពីរគ្រឿងដល់ទីក្រុងម៉ានីល ដើម្បីបង្កើនសមត្ថភាពឆ្មាំសមុទ្រហ្វីលីពីន ហើយមិនតែប៉ុណ្ណោះទីក្រុងតូក្យូក៏នឹង ផ្ដល់ប្រាក់កម្ចីរាប់លានយេនផងដែរ សំដៅជំរុញសកម្មភាពសេដ្ឋកិច្ច នៅតាមតំបន់មួយចំនួនដែលមិនសូវ មានការអភិវឌ្ឍរបស់ហ្វីលីពីន។ ដោយឡែកជុំវិញរឿងសមុទ្រចិនខាងត្បូង នាយករដ្ឋមន្ត្រីជប៉ុនបានអះអាង ជាថ្មីឡើងវិញពីការគោរពច្បាប់អន្តរជាតិ ក៏ដូចជាចែករំលែកនឹងលោក ឌូធើតេ នូវតម្រូវការជាចំាបាច់នៃ «ការរក្សាវត្តមានយោធាអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរក្សាស្ថេរភាព និងសន្តិភាព»។
ទោះបីជាយ៉ាងណាក៏ដោយនៅមុនជំនួបនេះកើតឡើង ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានអះអាងថាលោកចង់ឲ្យកងទ័ពបរទេស (សហរដ្ឋអាមេរិក) ចាកចេញពីប្រទេសដីកោះមួយនេះ យ៉ាងហោចណាស់នៅ ពីរឆ្នាំខាងមុខ។ ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចទៅចិនវិញ លោកបានប្រាប់ ក្រុមពាណិជ្ជករជប៉ុនមុនជំនួបជាមួយលោក អាបេ ថាលោកបានពិភាក្សាតែរឿងចំណងទាក់ទងលើវិស័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាង ចិន-ហ្វីលីពីន តែប៉ុណ្ណោះ៕