(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ស្រ្តីបានចូលរួមយ៉ាងខ្លាំងដល់ការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្ននេះ ស្រ្តីដែលកំពុងបម្រើការនៅតាមរោងចក្រនានាមានចំនួនជាង ៨៥ម៉ឺននាក់ និងសហគ្រិនជាស្ត្រីមានចំនួនជិត ១ម៉ឺននាក់។
លោក ហែម វណ្ណឌី ថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយនឹងកម្មវិធីប្រកាសគណៈកម្មការ សាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
លោកបានឱ្យដឹងថា បច្ចុប្បន្នរោងចក្រដែលចុះបញ្ជីបានកើនឡើងរហូតដល់ទៅ ៣ ៦៧៣រោងចក្រ និងរោងចក្រកំពុងដំណើរការមានចំនួន២ ៤២៥រោងចក្រ។ ក្នុងចំណោមកម្លាំងពលជាង១.១៦លាននាក់ ក្នុងនោះមានកម្លាំងពលកម្មស្ត្រី ចំនួន៨៥៤,៨១៩នាក់។ ជាមួយគ្នានេះ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីមានចំនួន ៤៤ ០២៣មូលដ្ឋាន ក្នុងនោះសហគ្រិនជាស្ត្រីមានចំនួន៨ ៣៤៧មូលដ្ឋាន ដែលបានប្រើប្រាស់កម្លាំងពលកម្មជាស្ត្រីចំនួន១៤៥ ២២៨នាក់ ក្នុងចំណោមកម្លាំងពលកម្មសរុបចំនួន៤៧៧ ០១៤នាក់។
លោកបានថ្លែង បន្តថា «ក្នុងទំហំផលិតផលរបស់កម្ពុជា ដែលបាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំ កើតចេញពីថ្វីដៃរបស់បងប្អូននារីយើង ដែលជាកម្មការនីកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់តំបន់ទូទាំងប្រទេស ហើយនេះ ជាគុណបំណាច់ធំធេងរបស់នារី ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម»។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ដែរថា មន្រ្តីរាជការ និងមន្ត្រី-និយោគជិតជាស្ត្រីក្នុងក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានឱកាសចូលរួមយ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ និងការធ្វើសេចក្តីសម្រេចនានាបានយ៉ាងច្រើន និងទទួលបាននូវតួនាទីនៅគ្រប់កម្រិត និងគ្រប់រចនាសម្ព័ន្ធការងារ ដែលមានដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយិកា អគ្គនាយិការង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ ប្រធានក្រុម អនុប្រធានក្រុម ប្រធានផ្នែក អនុប្រធានផ្នែក ព្រមទាំងជាប្រធានមន្ទីរ និងអនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី ខេត្តមួយចំនួនទៀត និងកំពុងបន្តបង្កើនសមាមាត្រនៃការចូលរួមរបស់ស្រ្តីឱ្យបានជាអតិបរមាផងដែរ៕