(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឲ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។
ពិធីប្រកាសជ័យលាភីនេះ ក៏មានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យស្រុកប្រតិបត្តិ នាយកនាយិកាវិទ្យាល័យ និងមត្តេយ្យសិក្សា ប្រធាន មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង២,០០០នាក់។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ជាលទ្ធផលចុងក្រោយ នៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គ ភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ, ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា, ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)៕