(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធិ សមត្ថភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប អមជាមួយនឹងកម្មវិធីប្រកាសគណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ចំនួនស្ត្រីក្នុងភាពជាអ្នកដឹកនាំចាប់ពីថ្នាក់កំពូល ដល់អនុប្រធានការិយាល័យ ប្រធានផ្នែកមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះកម្ពុជាមានស្ត្រីជាប្រធានរដ្ឋសភា សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិការាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅតាមក្រសួង ស្ថាប័ន ស្ត្រីជាទេសាភិបាលធនាគារជាតិ ស្ត្រីជាអគ្គសវនករជាតិ ស្ត្រីជាអភិបាល និងអភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ និងចៅសង្កាត់។
ជាមួយគ្នានេះ ស្ត្រីកម្ពុជាត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅក្នុងសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែរក្សាសុខសុវត្ថិភាព និងសុខសន្តិភាព។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងលេខ១៣ ក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហាន ជាស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្តេច ម៉ែន សំអន មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរ បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល» នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព។
សម្តេច ម៉ែន សំអន បន្ថែមថា តាមរយៈរបាយការណ៍សកម្មភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺពិតជាបានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងការជំរុញ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងមន្ត្រីរាជការ និងមន្ត្រីនិយោជិត ជានារីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានឱកាសចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យសេដ្ឋកិច្ច នយោបាយ និងការធ្វើសេចក្តីសម្រេចនានាបានយ៉ាងច្រើន ដោយទទួលបានតួនាទីនៅគ្រប់កម្រិត និងគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកបដោយនិរន្តរភាព ធានាបាននូវសុខដុមនីយកម្មសង្គម និងបរិស្ថាន និងលើកកម្ពស់សមភាព សមធម៌ យេនឌ័រ នៅក្នុងវិស័យរបស់ខ្លួន ដោយបានបង្កើនចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេចនៅគ្រប់រចនាសម្ព័ន្ធរបស់ក្រសួង និងនៅក្នុងវិស័យឯកជន ដែលបច្ចុប្បន្នស្ត្រីជាសហគ្រិនក៏មានការកើនឡើងគួរឱ្យមោទនភាព។
ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូលលើបញ្ហាស្រ្តី ដើម្បីសមភាព សមធម៌ យេនឌ័រ លោកលើកទឹកចិត្តស្ត្រីទាំងអស់ឱ្យខិតខំបង្កើនការយល់ដឹងគ្រប់យ៉ាងដើម្បីក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមពិតប្រាកដ។
លោកបន្ថែមថា «ជាការពិតណាស់ ការខិតខំបង្កើនសមត្ថភាពរបស់ខ្លួននោះ ត្រូវការការគាំទ្រ យកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនដោយចៀសមិនបាន សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ត្រីជាថ្នាក់ដឹកនាំ ជួយបង្កលក្ខណៈធ្វើយ៉ាងណាឱ្យស្ត្រីយើងមានឱកាសអាចអភិវឌ្ឍខ្លួនបានដើម្បីឈានទៅរកសមភាព សមធម៌ និងសុខដុមរមនាតរៀងទៅ»៕