(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការថែរក្សាតំបន់ការពារធនធានធម្មជាតិបាន គឺមិនត្រឹមតែថែរក្សាព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះនោះទេ ប៉ុន្តែ យើងថែរក្សាបានទាំងសម្បត្តិវប្បធម៌ និងទីតាំងប្រវត្តិសាស្ត្រ ទីតាំងបុរាណដ្ឋាននានា ដែលមាននៅក្នុងតំបន់ការពារធនធានធម្មជាតិកម្ពុជា។

ត្រង់ចំណុចនេះ ត្រូវបានអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ជាក់ស្តែងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មពេទ ខេត្តព្រះវិហារ គឺឃើញមានប្រាសាទបុរាណដែលស្ថិតនៅក្នុងចំណោមតំបន់ប្រាសាទកោះកេរ ក៏មានរាយប៉ាយនៅក្នុងតំបន់ការពារធម្មជាតិនេះដែលទាមទារឱ្យមានការចូលរួមការពារឱ្យបានដាច់ខាត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសប្រតិភូក្រសួងបរិស្ថាន និងអង្គការដៃគូអភិវឌ្ឍន៍ថ្មីៗនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការការពារធនធានធម្មជាតិនេះ គឺមិនអាចធ្វើតែក្រសួងបរិស្ថាន តែឯងបាននោះដែរ គឺត្រូវតែមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ បញ្ជាការឯកភាពខេត្ត ដែលមានតំបន់ការពារធម្មជាតិ ប្រជាពលរដ្ឋរស់នៅតំបន់ក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលចាំបាច់សហការគ្នា និងលើកកម្ពស់ជីវភាពសហគមន៍តែម្តង»

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការបង្កើតមុខរបរថ្មី គឺជាជម្រើសមួយដើម្បីប្រជាពលរដ្ឋទម្លាក់មុខរបរចាស់ចូលព្រៃកាប់ឈើ ចូលព្រៃបរបាញ់សត្វមកប្រកបរបរផ្សេង ដែលមានចំណូលជាប្រចាំ និងមិនប្រឈមមុខច្បាប់។ សហគមន៍តំបន់ការពារធម្មជាតិមួយចំនួនចាប់ផ្តើមផលិត ផលិតផលសិប្បកម្មកែច្នៃមួយចំនួនលក់នៅលើទីផ្សារ ការផ្តល់សេវាទេសចរណ៍ធម្មជាតិ និងចូលរួមអនុវត្តគម្រោងលើកកម្តើងជីវភាពរបស់ខ្លួនគោលបំណង គឺកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា ការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះសម្រេចបានលទ្ធផល កាន់តែប្រសើរថែមទៀត តាមរយៈសហគមន៍ តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ដោយបានជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការេចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ជួយដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានជួយសហគមន៍តំបន់ការពារធម្មជាតិឱ្យមានឱកាសចូលរួមចំណែកលើកកម្ពស់សិទ្ធិ ក្នុងការគ្រប់គ្រងព្រៃឈើ ផ្តល់អភិបាលកិច្ចនិងក្របខណ្ឌច្បាប់ពេញលេញ ដល់ប្រជាជនមូលដ្ឋាន ក្នុងការទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការចិញ្ចឹមជីវិត ធានាសន្តិសុខស្បៀង និងបង្កើនចំណូលផ្សេងក្រៅពីការដាក់សម្ពាធលើព្រៃឈើ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានជាង២០អង្គភាព បានចូលរួមសិក្សាស្វែងយល់ពីសក្តានុពលធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធាន ធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេស កម្ពុជា (INRM Project)» និងមានការសម្របសម្រួលពីអង្គការសុខិកាល៕