(ភ្នំពេញ)៖ ជាការកត់សំគាល់ នៅប៉ុន្មានថ្ងៃនេះកញ្ញា កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា គឺជាស្ត្រីតែម្នាក់គត់នៅក្នុងគណបក្សសង្គ្រោះជាតិ ដែលហ៊ានលើកឡើងចំៗអំពីលក្ខណៈសម្បត្តិរបស់ លោក សម រង្ស៊ី និងបានលើកឡើងចំៗ អំពីវិបត្តិការដឹកនាំនៅក្នុងបក្សប្រឆាំងមួយនេះ។
ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា គឺក្នុងបំណងបរិសុទ្ធសុទ្ធសាធ ដើម្បីឲ្យមានការឆ្លុះបញ្ចាំងថា ក្នុងបក្សនយោបាយមួយត្រូវតែមាន៖ មេដឹកនាំប្រាកដនិយម មេដឹកនាំហ៊ានទទួលខុសត្រូវ មេដឹកនាំដែលមានភាពក្លាហានមិនគេចវេស មេដឹកនាំដែលមានភាពចាស់ទុំនយោបាយ ហើយត្រូវតែមានប្រជាធិបតេយ្យនៅផ្ទៃក្នុងបក្ស។
ផ្ទុយទៅវិញ ការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា បែរជាទទួលរងការវាយប្រហារ ការរិះគន់យ៉ាងអយុត្តិធម៌ចំពោះនាងពីសំណាក់៖ «ក្រុមតំណាង គណបក្សសង្គ្រោះជាតិក្រៅប្រទេសកូតាសមរង្ស៊ី» ពី «សកម្មជនកូតាសមរង្ស៊ី» ពី «ចៅសង្កាត់រងពីកូតាសម រង្ស៊ី» និងពីញាត្តិថ្កោលទោសពីសំណាក់ក្រុម «តំណាងយុវជនគណបក្សសង្គ្រោះជាតិ»។
សកម្មជនក្នុងកូតា សម រង្ស៊ី បានចោទដោយពាក្យធ្ងន់ៗចំពោះកញ្ញា កឹម មនោវិជ្ជា ថា ៖ «ព្រហើន និងជាទង្វើឆ្កួតលីលា»។ ពួកគេថែមទាំងបានទាមទារឱ្យគណៈកម្មាធិការវិន័យ របស់បក្សសង្គ្រោះជាតិ «ចាត់វិធានការលើរូបនាង» ថែមទៀតផង។
តើប្រតិកម្មជាបន្តបន្ទាប់ចំពោះកញ្ញា កឹម មនោវិទ្យា គឺជាទស្សនៈបុគ្គល ឬជាការធ្វើឡើងជាខ្សែសង្វាក់ក្រោមបទបញ្ជាតែមួយរបស់លោក សម រង្ស៊ី? ច្បាស់ណាស់ បែបនេះគឺចេញពីបទបញ្ជាមួយ ! ហើយនេះឬប្រជាធិបតេយ្យនៅក្នុងគណបក្សសង្គ្រោះជាតិ ?
ធ្លាប់តែជេរប្រមាថគេឯងជាង២០ឆ្នាំមកហើយ។ ទីបំផុត លោក សម រង្ស៊ី មិនអាចទទួលយកការពិតពីយុវតីម្នាក់ដែលចង់បានមេដឹកនាំក្លាហាន! ដូច្នេះការនិយាយថា «សម រង្ស៊ី កំសាក និងគ្មានការទទួលខុសត្រូវ» គឺមិនខុសទេ។
ជិត២ទសវត្សរ៍មកហើយ ដែលលោក សម រង្ស៊ី ស្រម៉ៃចង់ធ្វើជានាយករដ្ឋមន្ត្រី។ តែទីបំផុតបានលាតត្រដាងថា ចង់ធ្វើផេះអី បើ សម រង្ស៊ី គ្មានសមត្ថភាព សូម្បីតែបញ្ហាផ្ទាល់ខ្លួនក៏ដោះស្រាយមិនបានផងនោះ។
សកម្មជនបក្សជាប់គុកបន្តបន្ទាប់មកហើយ ដោយសារតែធ្វើតាមការញុះញ៉ុងរបស់ សម រង្ស៊ី។ សម រង្ស៊ី បានបោកប្រាស់ ពួកគេឱ្យធ្វើសកម្មភាពខុសច្បាប់រហូត ដល់មានទោសជាប់គុក ហើយថ្មីៗនេះក៏បានតាមបោកប្រាស់អ្នកជាប់នៅក្នុងគុកតទៀត។ សម រង្ស៊ី និយាយដោយឥតខ្មាសអៀនថា៖ «សុខចិត្តត្រឡប់មកជាប់ គុកជំនួស ប្រសិនបើអជ្ញាធរដោះលែងពួកគេ»។ នៅលើពិភពលោកនេះ គ្មានច្បាប់ណា គ្មានប្រទេសណាអនុញ្ញាតឱ្យជាប់គុកជំនួសនោះទេ។ សូម្បីខ្លួនឯងមិនហ៊ានចូលគុកផង ធ្វើមិចហ៊ានចូលគុកជំនួសគេ។ Sic !
លោក សម រង្ស៊ី ! កុំយកលេសបិទបាំងភាពកំសាករបស់ខ្លួនដែលមិនហ៊ានចូលស្រុក ដោយលើកឡើងថា អ្នកនេះហាម អ្នកនោះឃាត់។ ឈ្មោះជាអ្នកទោស កុំខ្លាចគុក! ចូលមក! តាមច្រកណាក៏បាន! គុកនៅរង់ចាំ! ហើយបើសឿងមែន ប្រកាសដាក់ថ្ងៃកំណត់ជាក់លាក់ហ៊ានដើរចូលគុកតែម្តង!។
ដោយសាររឿងខ្លាចគុក សម រង្ស៊ី លើកគ្នាមកវាយប្រហារក្មេងស្រីម្នាក់នៅក្នុងបក្សយ៉ាងអយុត្តិធម៌ ដោយអសីលធម៌ និងដោយអមនុស្សធម៌ ដែលរឿងនេះ ដើមចមគឺបណ្តាលមកតែពីភាពកំសាករបស់ខ្លួន និងដោយសារតែយកលេសចង់គេចវេះបន្តរស់នៅក្រៅប្រទេសតែប៉ុណ្ណោះ។
នេះជាក់ស្តែងហើយ ! វិញ្ញាសារតម្រង់ទិស លោក សម រង្ស៊ី ទទួលយកមិនបានផង ចុះទម្រាំដើរចូលគុក ត្រូវគេរិះគន់ ឬត្រូវគេជេរកប់មាត់!? ប្រតិកម្មតបនឹងកញ្ញា កឹម មនោវិទ្យា គឺស្តែងឲ្យឃើញច្បាស់ថា សម រង្ស៊ី ជាមនុស្ស អញនិយម ផ្តាច់ការ និងគ្រោះថ្នាក់បំផុត។ ទោះបីផ្ទៃក្នុងបក្សក៏ដោយ ទោះបីជាក្មេងស្រីក៏ដោយ គឺជាក់ស្តែងហើយ លោក សម រង្ស៊ី មិនអត់ឱនឲ្យទេ។ ដូច្នេះជោគវាសនាជាតិ មិនអាចផ្ញើជាមួយជនប្រភេទនេះជាដាច់ខាត។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក កឹម សុខា ដែលជាឪពុក ក៏មិនអោបដៃសម្រក់ទឹកភ្នែក មើលគេប្រមាថកូនស្រីរបស់ខ្លួនដែរ។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ លោក កឹម សុខា បានបង្ហោះក្នុង Facebook ដែលមានអត្ថន័យផ្ញើសារទៅកាន់លោក សម រង្ស៊ី ថា ៖ «...យើងធ្វើ យើងត្រូវតែហ៊ានប្រឈម! យើងមិនត្រូវគេចវេះ ឬខ្លាចរអារឡើយ...»។
តើមនុស្សខាង សម រង្ស៊ី អាចគៀងគរគណ:កម្មាធិការវិន័យរបស់បក្ស ដាក់វិន័យលើ កញ្ញា កឹម មនោវិទ្យា បានទេ ? ចម្លើយ៖ ក្នុងតម្លៃណាក៏ដោយ គឺធ្វើមិនបានទេ ហើយលោក កឹម សុខា ក៏មិនព្រមដែរ។
ជាងនេះទង្វើដែលធ្វើតបចំពោះ កញ្ញា កឹម មនោវិទ្យា គឺបញ្ជាក់ថា លោក សម រង្ស៊ី កំពុងប្រមូលសកម្មជនធ្វើកិច្ចការតែមួយគត់ គឺដើម្បីបន្តបិទបាំងភាពកំសាករបស់ខ្លួន តែប៉ុណ្ណោះ។ សម រង្ស៊ី គ្មានសមត្ថភាព សូម្បីគ្រប់គ្រងផ្ទៃក្នុងបក្ស ហើយក៏គ្មានសមត្ថភាពនឹងធ្វើកិច្ចការជាតិជាដុំកំភួនអ្វីនោះកើតទេ។
ក្នុងស្ថានភាពបែបនេះ តើលោក កឹម សុខា នឹងបណ្តោយឱ្យបក្សប្រឆាំងមួយនេះ បន្តធ្លាក់ក្នុងវិបត្តិខ្វះការដឹកនាំបែបនេះតទៅទៀត!? តើលោក កឹម សុខា មានវិធីសូវេជីវិតនយោបាយ ហើយអាចបង្កើតជម្រើស «ដើម្បីសន្តិភាព និងស្ថិរភាព សម្រាប់ប្រទេសជាតិ និង ប្រជាជន បានទេ»!?៕
ដោយ៖ និស្សិតវិទ្យាសាស្រ្តនយោបាយ