(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខបណ្តាអ្នកដឹកនាំធុរកិច្ចល្បីៗមកពីទូទាំងអាស៊ាន និងពិភពលោក នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីសក្តានុពលកម្ពុជា ដើម្បីឱ្យបណ្តាធុរជនពិចារណា សិក្សាពីឱកាសវិនិយោគបណ្តាក់ទុនរកស៉ីនៅកម្ពុជា នាំមកនូវប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចថ្លែងថា រយៈពេល២៦ឆ្នាំមកនេះ ក្នុងនាមជាសមាជិកដ៏សំខាន់របស់អាស៊ាន កម្ពុជាជាទីផ្សារដ៏មានសក្តានុពល ហើយសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ ដោយជាងពីរទសវត្សរ៍នៅមុខកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាកើនជាមធ្យមក្នុងអត្រា៧ភាគរយ ហើយបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះឈានទៅត្រឡប់មុនកូវីដ១៩ ក្នុងអត្រាជាមធ្យម ៦ភាគរយ ទៅ៧ភាគរយ ក្នុងរយៈពេលមធ្យម។

ការលើកឡើងរបស់សម្តេចបវរធិបតីធ្វើឡើងក្នុងឱកាសសម្តេចញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ ១៩៩៩ មក, កម្ពុជាគឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង ។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថានឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម»

សម្តេចបវរធិបតីបន្ថែមទៀតថា «ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់យើង ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត, ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, លទ្ធភាពចូលទៅកាន់ទីផ្សារធំទូលាយ, និងក្របខ័ណ្ឌគតិយុត្ត ដែលកាន់តែប្រសើរឡើង។ វិនិយោគិន ទាំងបរទេស និងក្នុងស្រុក បាននិងកំពុងទទួលបានផលប្រយោជន៍ពីបរិយាកាសអំណោយផលដល់ប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព ដែលការណ៍នេះជួយកាត់បន្ថយហានិភ័យ បានជាអតិបរមា និងធានាបាននូវនិរន្តភាពនៃធុរកិច្ច»

ដើម្បីទាក់ទាញ និងថែរក្សាវិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផល ដល់ការ-វិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។ កម្ពុជាក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាត-អារ៉ាប់រួម ប្រកបដោយការអនុគ្រោះ។

បន្ថែមលើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ និងដាក់ឱ្យអនុវត្តនូវ សៀវភៅណែនាំស្តីពីស្តង់ដានីតិវិធីប្រតិបត្តិ (SOP) លើផ្នែកសំខាន់ៗ ដើម្បីសម្រួលដល់ការបំពេញអនុលោមភាពពន្ធដារ និងលើកកម្ពស់តម្លាភាព, ក្រមសីលធម៌ និងការប្រកួតប្រជែងស្មើភាព។

រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយមានក្រុមការងាររាជរដ្ឋាភិបាល-ផ្នែកឯកជនចំនួន១៦ ក្នុងវិស័យចម្បងៗចំនួន ១៦ ដើម្បីជំរុញកិច្ចសហការស្អិតរមួតរវាងវិស័យឯកជន និងក្រសួង-ស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយរួម សម្រាប់បញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ឱ្យបានទៀងទាត់។

សូមជ្រាបថា ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោងជាមួយនឹងទំហំវិនិយោគប្រហែល ៦.៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣។ ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦.៨២ ប៊ីលានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ ដល់ ៥៤.៧៤ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៤៕