(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ រួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបានគូសបញ្ជាក់ថា មួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផលដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត ស្របតាមមូលបទក្នុងថ្ងៃនេះ កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។
សម្តេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា «យើងជឿជាក់លើថាមពលនៃវឌ្ឍនភាពនៃកិច្ចសហការ ដោយប្រើប្រាស់ក្របខ័ណ្ឌអាស៊ាន ដើម្បីបង្កើតវិបុលភាព និងភាពស្អិតរមួតក្នុងតំបន់។ ការយកចិត្តទុកដាក់របស់យើង ត្រូវបានបង្ហាញឱ្យឃើញ តាមរយៈ ការចូលរួមយ៉ាងសកម្ម នៅក្នុងការពង្រឹងសន្តិសុខ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់»។
ទន្ទឹមគ្នានេះ សម្តេចបានលើកឡើងទៀតថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។
សម្តេចបវរធិបតីបន្តថា ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ លើសពីនេះទៅទៀតកម្ពុជា ក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាត-អារ៉ាប់រួម ប្រកបដោយការអនុគ្រោះ៕