(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក ជាមួយគ្នានេះអាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាពដោយមានសក្ដានុពលដ៏សម្បើមដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក។ តំបន់អាស៊ានមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តឥតងាករេ របស់តំបន់អាស៊ាន ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

«វឌ្ឍនភាពរបស់យើង ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ ទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ, បានធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់រំហូរមូលធនពិភពលោក។ សមិទ្ធផលទាំងនេះបានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែងសម្រាប់វិនិយោគិន ដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តម្លៃ និងភាពជោគជ័យរបស់តំបន់អាស៊ាន គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus)។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ ​សហគមន៍មួយ» រដ្ឋជាសមាជិកទាំងអស់ បូករួមទាំងកម្ពុជា បានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍អាស៊ានទាំងមូល។ កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់។ ជាក់ស្តែង ទោះបីជាមានស្លាកស្នាមនៃជំងឺរាតត្បាត និងភាពស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ ក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥(AMRO, ខែ មករា ឆ្នាំ២០២៥)។

សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ស្របពេលដែលយើងរៀបចំផែនការ ក្រោយឆ្នាំ២០២៥ តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និងដោះស្រាយបញ្ហាប្រឈមនាអនាគត។ មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការបង្កើនការតភ្ជាប់អាស៊ាន, ដូចមានគូសរំលេចនៅក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ដោយរលូន ទាំងការដឹកជញ្ជូន, ពាណិជ្ជកម្ម, ការអប់រំ និងវប្បធម៌ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង, លើកកម្ពស់បរិយាប័ន្ន និងពង្រឹងជំហររបស់អាស៊ាន ជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរួបរួម។

សម្តេចបវរធិបតី បានបន្ថែមថា អាស៊ាន ផ្តោតការយកចិត្តទុកដាក់លើការកសាងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព, ពង្រឹងភាពធន់ទៅនឹងហានិភ័យអវិជ្ជមាន ដែលមិនអាចប៉ាន់ប្រមាណបាន និងផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម។ គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញឱ្យតំបន់អាស៊ានកាន់តែមានជវភាព, មានការតភ្ជាប់, ភាពធន់ និងបរិយាប័ន្នដែលផ្តល់ឱ្យនូវឱកាសដ៏ធំធេងសម្រាប់វិនិយោគ ប្រកបដោយចីរភាព ដល់ដៃគូពិភពលោករបស់យើង៕