(កណ្ដាល)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី ដែលបាននិងកំពុងផ្ដល់សេវាព្យាបាល និងថែទាំ និងស្ដារនីតិសម្បទាដល់ជនរងគ្រោះសរុបចំនួន ២,៦២៤នាក់ ស្រី ២៧៧នាក់ មានទីតាំងស្ថិតនៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

ទេសរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួង ស.អ.យ. ជាថ្នាក់ដឹកនាំគំរូ ឈ្លាសវៃ យល់ពីសុខទុក្ខកូនចៅ ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងមានឆន្ទៈមោះមុតក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការលើកកម្ពស់ និងការការពារសិទ្ធិជាមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនដែលរស់នៅក្នុងមជ្ឈមណ្ឌលដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះការគ្រប់គ្រងមជ្ឍមណ្ឌលទាំងបី និងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលទាំងបីឱ្យបន្ដយកចិត្តទុកដាក់លើតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងត្រូវចៀសវាងដាច់ខាតនូវរាល់ការប្រព្រឹត្តអំពើមិនគប្បី អមនុស្សធម៌ បន្ថោកបន្ទាប ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ស្ថាប័ន និងប្រទេសជាតិ។

ទេសរដ្ឋមន្ត្រីក៏បានផ្ដល់ឱវាទណែនាំដល់ជនរងគ្រោះដែលកំពុងទទួលសេវាពីមជ្ឈមណ្ឌលទាំងបីឱ្យខិតខំគោរពបទបញ្ជាផ្ទៃក្នុង ស្ដាប់តាមការណែនាំរបស់មន្រ្តី និងត្រូវប្តេជ្ញាចិត្ត និងជំនះលើរាល់ឧបសគ្គ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ កូនល្អ សម្រាប់សង្គមជាតិ និងគ្រួសារ ព្រមទាំងត្រូវឈប់ប្រើប្រាស់គ្រឿងញៀន បញ្ឈប់សកម្មភាពប្រើអំពើហិង្សា បងតូច បងធំ ដែលជាការបង្កនូវភាពចលាចល ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម និងនាំអោយភ្ញៀវទេសចរ មានការភ័យខ្លាចដែលនាំឲ្យសេដ្ឋកិច្ចសង្គម និងគ្រួសារមានការថយចុះ។

ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ជូនដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ក្រោមស្មារតី «ការមិនទុកនរណាម្នាក់ឲ្យនៅឯកោ (Leave No One Behind) រងគ្រោះ ស្លាប់ដោយដាច់បាយនោះឡើយ និងប្រកាន់យកគោលការណ៍បុរេសកម្ម (ដោយត្រូវធ្វើការងារបង្ការមុន កុំឱ្យមានបញ្ហាកើតឡើង)» ពោលគឺប្រជាពលរដ្ឋទាំងអស់ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានការការពារ និងសេវាសង្គមផ្សេងៗ។ 

ទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កន្លងមក គ.ស.ម.ក. និងក្រសួង ស.អ.យ. បានសហការរួមគ្នាយ៉ាងល្អ ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងរៀបចំឱ្យមានយន្តការការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំតាមមជ្ឈមណ្ឌល ឬអង្គការ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. និងចុះអង្កេតតាមរយៈការទទួលបានបណ្តឹង និងសហការក្នុងការស្វែងរកមជ្ឈមណ្ឌល មណ្ឌល ឬអង្គការ ក្នុងការជួយដល់កូនតាមម្តាយនៅពន្ធនាគារ និងអនីតិជន ដែលគ្មានទីពឹង។ 

ទន្ទឹមនឹងនោះ សម្រាប់ទិសដៅ និងកិច្ចសហប្រតិបត្តិការបន្ត គ.ស.ម.ក. និងក្រសួង ស.អ.យ. នឹងចុះដាក់ប្រអប់បណ្តឹងរបស់ គ.ស.ម.ក នៅតាមមជ្ឈមណ្ឌលទាំង៣ខាងលើ និងសិក្សាលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស នៃ គ.ស.ម.ក និងវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួង ស.អ.យ. ក្នុងការចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» ដល់និស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននោះ។

ទេសរដ្ឋមន្រ្តី បានប្រគល់ជូននូវថវិកា គ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់មជ្ឈមណ្ឌលទាំង៣ក្នុងការប្រើប្រាស់ជាក់ស្តែង។ គណៈប្រតិភូទាំងអស់បានចុះពិនិត្យមើលស្ថានភាពការគ្រប់គ្រង និងការរស់នៅរបស់បងប្អូនជនរងគ្រោះទាំងបីមជ្ឈមណ្ឌល៕