(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥៖
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ម្តងទៀតនៅទីនេះនៅចំកណ្តាលរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចទាំងអស់ ដែលបានចូលរួមដឹកនាំរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់នេះឡើង។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូធុរកិច្ចដ៏ឧត្តុង្គឧត្តម មកពីរដ្ឋសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូ ជាច្រើនទៀត ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងបានវគ្គផ្គូផ្គងធុរកិច្ច (Business Matching Sessions) ដែលនឹងបង្កើតកាលានុវត្តភាពដ៏មានតម្លៃជាច្រើនរវាងធុរកិច្ច និងធុរកិច្ច (B2B) និង កិច្ចប្រជុំរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច (Government-to-Business Meetings) ដែលនឹងជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការរបស់យើង។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន បានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។ ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាព
ភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃ និងភាពជោគជ័យរបស់យើង គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus) ។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, សហគមន៍មួយ», រដ្ឋជាសមាជិកទាំងអស់, បូករួមទាំងកម្ពុជា, បានប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍របស់យើងទាំងមូល។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់ និងសកល និងភាពមិនប្រាកដប្រជាខ្ពស់ ។ ជាក់ស្តែង, ទោះបីជាមានស្លាកស្នាមនៃជំងឺរាតត្បាត និងភាពស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ, ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្របពេលដែលយើងរៀបចំផែនការក្រោយឆ្នាំ ២០២៥, តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាពដល់គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និង ដោះស្រាយបញ្ហាប្រឈម នាអនាគត។ មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការបង្កើនការតភ្ជាប់អាស៊ាន, ដូចមានគូសរំលេចនៅក្នុង ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ដោយរលូន ទាំងការដឹកជញ្ជូន, ពាណិជ្ជកម្ម, ការអប់រំ និងវប្បធម៌ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង, លើកកម្ពស់បរិយាប័ន្ន, និងពង្រឹងជំហររបស់អាស៊ាន ជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរួបរួម ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងផ្តោតការយកចិត្តទុកដាក់លើ ការកសាងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ ១៩៩៩ មក, កម្ពុជាគឺជាទីផ្សារដ៏មាន
សក្ដានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់យើង ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត, ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារ ទៅកាន់តំបន់អាស៊ាន ហើយ, ថ្មីៗនេះ, ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ឆ្នាំ២០២៤ របស់ Financial Times។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃ
ទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង ។ ជាក់ស្តែង, ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦,៨២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ ៥៤,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់, រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផល ដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើ បណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន, កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ក៏បាននិងកំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំកំពូលធុរកិច្ច ដូចព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ដើម្បីផ្តល់ឱកាសសហការដ៏មានតម្លៃ ។ អភិក្រម ប្រកបដោយជវភាពនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង លើការពង្រឹងទំនាក់ទំនងក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ប្រកបដោយភាពប្រទាក់ក្រឡា និងភាពគ្រប់ជ្រុង-ជ្រោយ ។ នៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា, យើងផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក ។ យើងផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗរបស់វិស័យឯកជន ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣, សម្តេចបានធ្វើជាអធិបតីដោយផ្ទាល់នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដោយរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ក្នុងវិស័យសំខាន់ៗជាច្រើន ដែលមួយក្នុងចំណោមនោះ
គឺការកែទម្រង់ពន្ធដារ ប្រកបដោយមហិច្ឆតា។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន ។ ដើម្បីអនុវត្តការងារនេះ ឱ្យបានទៀងទាត់ និងគ្រប់ជ្រុងជ្រោយ, ថ្មីៗនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង៣០ស្ថាប័ន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅ
កម្ពុជា។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានគាំទ្រដល់ធុរកិច្ច ផ្តល់ជូននូវការលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ ដោយផ្អែកលើ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់១៥ឆ្នាំ សម្រាប់វិស័យអាទិភាព ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន ដោយផ្តល់ជូននូវការលើកទឹកចិត្តពិសេស លើសពីច្បាប់ស្តីពីវិនិយោគ ។
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដ៏ទូលំទូលាយ
ដល់យុវជនចំនួន ១,៥ លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជន សម្រាប់ទសវត្សរ៍ខាងមុខ។ រាជរដ្ឋាភិបាល ក៏បាន និងកំពុងផ្តល់អាទិភាពខ្ពស់ ដល់ការអភិវឌ្ឍប្រព័ន្ធអេកូ-ឡូស៊ីឌីជីថលដ៏រឹងមាំ ព្រមទាំងការប្តេជ្ញាចិត្តចំពោះថាមពល ប្រកបដោយចីរភាព។
* សម្តេចសូមជំរុញឱ្យអ្នកដឹកនាំធុរកិច្ច និងវិនិយោគិនទាំងអស់ ទាញយកអត្ថប្រយោជន៍ឱ្យបានពេញលេញពីកិច្ចប្រជុំកំពូល និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងថ្ងៃនេះ ដើម្បីប្រាស្រ័យទាក់ទង, ផ្លាស់ប្តូរគំនិត, និងស្វែងរកឱកាសសហការ ក្នុងការចាប់យកសក្តានុពលដ៏ធំធេង ពីសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់តំបន់អាស៊ាន។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២៣នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕