(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញទទួលស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា របស់ គណៈប្រតិភូនៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន ព្រមជាមួយគណៈប្រតិភូវិនិយោគិននៃខេត្តហ៊ឺណាន សរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលក្រុងកឹងចូវ។
ជំនួបនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក៏មានការចូលរួមផងដែរពីសំណាក់លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំក្រកម្ពុជា និងមានការចូលរួមពី លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា ឧញ៉ា មកពីសមាគមឧកញ៉ាកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ជាកិច្ចចាប់ផ្ដើមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ដូចជាលោកស្រីអភិបាលរងនៃគណៈអភិបាលកឹងចូវ ព្រមទាំងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានចំណាយពេលវេលាមកបំពេញទស្សកិច្ចស្វែងយល់ដោយផ្ទាល់អំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្ហាញឱ្យឃើញពីចំណងមិត្តភាព កម្ពុជា-ចិន ដ៏រឹងមាំស្អិតរមួតក្នុងនាមជាមិត្តដែកថែប។
ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជាគឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។
ដើម្បីជាការបំភ្លឺបន្ថែមឱ្យកាន់តែប្រត្យក្សជូនដល់គណៈប្រតិភូដែលមានវត្តមាននាឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាពរួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។
ជាការឆ្លើយតបលោកស្រីអភិបាលរង បានគោរពថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ប្រកបដោយមិត្តភាព និងការរៀបចំជំនួបពិភាក្សាដ៏មានសារៈប្រយោជន៍សម្រាប់គណៈប្រតិភូទាំងអស់ ពិសេស គណៈប្រតិភូវិនិយោគិនទាំង ៥០ក្រុមហ៊ុន ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ លោកស្រី ក៏ជម្រាបដោយសង្ខេបអំពីទីតាំងភូមិសាស្រ្តនៃក្រុងកឹងចូវ ព្រមទាំងសក្តានុពលនានាដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។
នាឱកាសនោះលោកស្រី Li Fengzhi ក៏បានរំលេចជាពិសេសអំពីគម្រោងស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធនឹងវិស័យកសិកម្មបែបទំនើប។
តាមរយៈជំនួបនេះ មានក្រុមហ៊ុនមួយចំនួនបានធ្វើបទបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្ម, បច្ចេកទេស, បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការ ផ្គូផ្គងធុរកិច្ចជាមួយគ្នានាពេលអនាគត។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីជានូវការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ - ២០២៨) ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា៖ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា, ច្រករបៀងមច្ឆា និងអង្ករ និង ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល ជាដើម៕