(ឧត្ដរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីសម្ពោធជាផ្លូវការរួចរាល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា ដាំដើមឈើជាច្រើនប្រភេទ ក្នុងនោះមានប្រភេទដើមនាងនួន, ដើមក្រញូង, និងដើមបេងជាដើមនៅក្នុងដើមឧទ្យានខាងលើនេះ។
ឧទ្យានកាកបាទក្រហមកម្ពុជានៅក្នុងទឹកដីខេត្ដឧត្ដរមានជ័យនេះ គឺជាឧទ្យានទី៣ហើយ បន្ទាប់ពីឧទ្យានកាកបាទក្រហមកម្ពុជានៅក្នុងខេត្ដសៀមរាប និងខេត្ដកំពង់ស្ពឺ ។សម្រាប់ឧទ្យានកាកបាទក្រហមកម្ពុជាខេត្ដឧត្ដរមានជ័យ ដែលបានសម្ពោធស្លាកឧទ្យាននៅពេលនេះ គឺត្រូវបានរៀបចំ និងចាប់ផ្ដើមដាំដើមឈើប្រណិតចំនួន ១,៥០០ដើម ក្នុងឱកាសអបអរសាទរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ កាលពីថ្ងៃពីចុងឆ្នាំ២០២៤មកម្លេះ។
នេះបានបង្ហាញឱ្យឃើញជាក់ច្បាស់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, គឺជាស្ថាប័នមនុស្សធម៌ដ៏ធំ ដែលតែងតែ
គិតគូរគ្រប់ជ្រុងជ្រោយទាំងក្នុងការងារមនុស្សធម៌ ធនធានមនុស្ស និងភាពធននៅក្នុងសហគមន៍តាមរយៈសកម្មភាពចូលរួមដាំដើមឈើជាដើម ដើម្បីថែរក្សា ការពារ សម្បត្ដិធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសជំរុញផ្សព្វផ្សាយដល់យុវវ័យ កូនចៅជំនាន់ក្រោយៗទៀត ឱ្យចេះស្រលាញ់ការពារ និងថែរក្សាដើម្បីសុខុមាលភាពមនុស្សជាតិ។
សូមជម្រាបថា ការអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើខាងលើនេះ បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ២,២៥០គ្រួសារ នៅខេត្ដឧត្ដរមានជ័យ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ ថ្ងៃទី៥ និង៦ ខែមីនា ឆ្នាំ២០២៥នេះ៕