(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្មនៅកម្ពុជា និងអាស៊ាន ក្រោមមូលបទសំខាន់ៗ៣ គឺជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម។
ពិធីនេះធ្វើឡើងមានចូលរួមពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ឯកអគ្គរាជទូត និងអ្នកដឹកនាំធុរកិច្ចល្បីៗមកពីទូទាំងអាស៊ាន និងពិភពលោក និងអ្នកដឹកនាំធុរកិច្ចសំខាន់ៗ។
សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានឲ្យដឹងថា កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជាឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សា រួមមាន កាកសាងអនាគតអាស៊ាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់ ការជំរុញវិបុលភាព តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ និងមូលធនមនុស្ស៖ គន្លឹះឆ្ពោះទៅកាន់ការអភិវឌ្ឍ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច ក៏មានរៀចំជាជំនួប ពិភាក្សារវាងធុរជន និងតំណាងស្ថាប័ន រាជរដ្ឋាភិបាល ជំនួបតាមវិស័យ និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុន និងក្រុមហ៊ុនផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាចិត្តជំរុញបរិយាកាសធុរកិច្ចដែលលើកស្ទួយកំណើនធុរកិច្ចនៅកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា ផ្តល់សេវាកម្មដល់សហគមន៍ធុរកិច្ច ដូចជាការតស៊ូមតិ ការពិគ្រោះយោបល់ និងឱកាសបង្កើតទំនាក់ទំនង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ធ្លាប់គូសបញ្ជាក់ថា វេទិកានានា ដូចជាកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគក្នុងតំបន់ និងការបង្ហាញពីជវភាព នៃសេដ្ឋកិច្ចអាស៊ានទៅកាន់សហគមន៍សកលលោក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្លាំងពលកម្មជំនាញ និងទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគដ៏គួរឲ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្មដែលបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក៕