(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវកុំឲ្យយកបញ្ហាតូចៗរបស់បុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម ហើយពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹករឿងរ៉ាវករណីគ្រោះថ្នាក់បន្ដិចបន្ទួច តែព្យាយាមតេហៅអ្នកនេះអ្នកនោះ ដើម្បីមកដោះស្រាយធ្វើឲ្យរឿងកាន់តែធំ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រើអភិក្រម «មានបញ្ហាត្រូវរួមគ្នាដោះស្រាយ» កុំឲ្យមហាជនលើបណ្ដាញសង្គមជួយដោះស្រាយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ តិកតុក និងហ្វេសប៊ុកខ្លះ មានរឿងអីបន្តិច Live យក។ ម្ខាងៗ គាត់យកឈ្នះរៀងខ្លួន ទីបំផុត (បង្កបញ្ហាធំ) នៅនឹងមុខបើនិយាយគ្នា ដោះស្រាយបញ្ហាងាយ ប៉ុន្តែសោយសារយើងមិននិយាយគ្នា យើងទាញហ្វេសប៊ុករៀងៗខ្លួន អីចឹងលែងនិយាយគ្នា»

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាដោយសន្ដិវិធី កុំព្យាយាមផ្សាយផ្ទាល់ (Live) នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យបញ្ហាកាន់តែក្ដៅលើសដើម ហើយអ្នកមើលរាប់ពាន់នាក់អត់ដឹងទេ៕

/p>