(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ដេរិក យីប (Derek YIP) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល និងប្រកាសឱ្យប្រើប្រាស់បទដ្ឋានបច្ចេកទេសសំណង់ផ្លូវ និងស្ពាន ជំហានទី១ និងប្រកាសជំនួយបច្ចេកទេសជំហានទី២ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង លោក Geoff Allan នាយកប្រតិបត្តិ Austroads តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងមន្រ្តីពាក់ព័ន្ធ។
ពិធីនេះគឺជាការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវបទដ្ឋានបច្ចេកទេសថ្មី ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្ត្រាលី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសតាំងពីឆ្នាំ២០០០ ដើមី្បឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា។ ពិធីនេះក៏បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា និងប្រទេសអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូអន្តរជាតិ និងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រមួយកម្រិតទៀត។
នាឱកាសនោះលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានថ្លែងបញ្ជាក់ថា បទដ្ឋានបច្ចេកទេសដែលទទួលបានការគាំទ្រ ពីមិត្តអូស្ត្រាលី គឺជាទំព័រថ្មីមួយបន្ថែមទៀត សម្រាប់បន្តរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានរបស់កម្ពុជា។
លោករដ្ឋមន្រ្តី បានបន្ថែមថា បទដ្ឋានបច្ចេកទេសផ្លូវ និងស្ពានដែលបានធ្វើបច្ចុប្បន្នភាពទាំងនេះ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាពនឹងជួយឱ្យយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានប្រកបដោយសុវត្ថិភាព ធន់ និងធានានិរន្តរភាពក្នុងការប្រើប្រាស់ឱ្យកាន់តែប្រសើរ ដើមី្បបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងជួយជំរុញពិពិធកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា ប្រកបដោយសោភ័ណភាព និងគុណភាព”។
នាឱកាសនោះលោកឯកអគ្គរដ្ឋទូត ដេរិក យីប បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងបានបញ្ជាក់បន្ថែមថា ភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលី បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី រីករាយក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជាលើការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលមានលក្ខណៈសមស្របសម្រាប់កម្ពុជា ដើមី្បរួមចំណែកដល់កំណើនសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន និងភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។
ក្រៅពីពិធីប្រគល់-ទទួលឯកសារបទដ្ឋានបច្ចេកទេសនេះ ក៏មានការប្រកាសពីជំនួយបច្ចេកទេស ជំហានទី២ ផ្តោតលើការកសាងសមត្ថភាពរបស់វិស្វករជំនាញ និងមន្ត្រីបច្ចេកទេសកម្ពុជា ក្នុងការពង្រឹងសមត្ថភាពអនុវត្តបទដ្ឋានបច្ចេកទេសថ្មីៗឱ្យមានប្រសិទ្ធភាពជាអតិបរមា តាមរយៈការរៀបចំសិក្ខាសាលាកម្មវិធីបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ដែលនឹងប្រែក្លាយជាកម្លាំងចលករជួយជំរុញដ៏មានសក្តានុពលក្នុងការប្រើប្រាស់បទដ្ឋានបច្ចេកទេសទាំងនេះឱ្យកាន់តែទូលំទូលាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕