(សៀមរាប)៖ លោក យុន លីនណេ អភិបាលរងខេត្ត បាន​លើកឡើងថា ជប៉ុននឹងបន្តជួយដល់ខេត្ត លើការអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា ប៉ុន្តែទោះយ៉ាងនេះក្តីគម្រោងមួយនេះ នឹងចាប់ផ្តើមនូវដំណាក់កាលទី២ របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៥ដដែល ហើយអង្គការចៃកា នៃប្រទេសជប៉ុន នៅតែបន្តជួយបន្ថែមទៀត។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក យុន លីនណេ នៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងខេត្តសៀមរាប នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ ដោយមាន​ការចូលរួមពីលោក លោស្រី ជាតំណាងមន្ទីរ អង្គភាព ជុំវិញខេត្តចូលរួមផង​ដែរ។

លោក យុន លីនណេ បន្តថា ដំណាក់កាលទី១ បានចាប់ផ្តើមឡើងក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដោយដំណាក់នោះ JICA បានជួយសិក្សាស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងក្រុងសៀមរាប និងបានរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ ដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីខែមីនា ឆ្នាំ២០២៣។ 

លោកបានបន្តថា នៅក្នុងតំណាក់កាលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន៨ រួមមាន៖
១៖ ការកែលម្អការប្រមូលសម្រាម
២៖ ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់
៣៖ ឌីជីថលនីយកម្មនៃស្ថិតិទេសចរណ៍
៤៖ ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាល ខេត្ត
៥៖ គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor)
៦៖ កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍
៧៖ ការប្រមូលនិងដឹកជញ្ជូនសម្រាមឆ្លាតវៃ
៨៖ ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប (SSDaP) ។ 

លោកបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងចំនួន៦ កំពុងត្រូវបានអនុវត្តបំពេញឲ្យទៅជាគម្រោងពេញលេញ និងពង្រីកមុខងារបន្ថែម។ ជាមួយគ្នានេះ ដើម្បីជំរុញឲ្យផែនទីបង្ហាញផ្លូវអនុវត្តកាន់តែមានប្រសិទ្ធភាព។ រដ្ឋបាលខេត្ត ក៏បានបង្កើតនូវវេទិកាទីក្រុងឆ្លាតវៃ ដែលមានការចូលរួមពីវិស័យឯកជនដែលយន្តការនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូសម្រាប់រាជធានី និងក្រុងផ្សេងទៀតរបស់កម្ពុជា ដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។

ប្រធានក្រុមការងារទី២ ទទួលបន្ទុកការអភិវឌ្ឍទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក អាបេ ម៉ាសាណូរីអូ (ABE Masanorio) បានបង្ហាញថា យន្តការវេទិកាទីក្រុងឆ្លាតវៃ ដែលបង្កើតឡើងដោយរដ្ឋបាលខេត្តសៀមរាប ពិតជាបានបង្កើតឱកាស និងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន រួមជាមួយសហគមន៍ ហើយយន្តការនេះក៏ជំរុញទីក្រុងសៀមរាប កាន់តែមានមុខមាត់ទាំងនៅឆាកជាតិ និងអន្តរជាតិ។ លោករំពឹងថា យន្តការនេះ ក៏នឹងជួយឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូមួយរបស់កម្ពុជាផងដែរ។

លោក ហ៊ីរ៉ូណុ តំណាងក្រុមទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានលើកឡើងដែរថា បើគិតពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមគម្រោងដោយការលំបាក បំផុតព្រោះវាកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ប៉ុន្តែដោយបានការប្តេជ្ញាចិត្តយើងសម្រចបានការងារយ៉ាងច្រើនប្រកបដោយភាពបត់បែន។ ដូច្នេះ ការធ្វើឲ្យទីក្រុងសៀមរាប ក្លាយជាក្រុងឆ្លាតវៃ វានៅមិនទាន់បញ្ចប់ទេ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកបន្តថា ជប៉ុននឹងមិនទៅណានោះទេ គឺជប៉ុននៅជិតយើងជានិច្ច៕