(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគិតគូរចុះ «សង្ក្រាន្ដ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍អង្គការយូណេស្កូ ក្នុងពេលឆាប់ៗនេះ ហើយសង្ក្រាន្ត មិនមែនជារបស់ផ្តាច់មុខប្រទេសណាមួយនោះទេ។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី បន្តក្លាយជាមោទនភាពជាតិ និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។
សម្ដេចជំរុញលើកទឹកចិត្តដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃនេះ និងសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការ និងដាក់ចេញនូវគម្រោងបន្តចុះបញ្ជី នៅលើតំបន់ធម្មជាតិនានារបស់យើង, ទាំងក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ ក៏ដូចជា ក្នុងបញ្ជីនៃយន្តការតំបន់អាស៊ានជាដើម និងបានកោតសរសើរក្រសួងវប្បធម៌ ដែលរៀបចំចុះបញ្ជីបេតកភណ្ឌអរូបីយ៍នាពេលកន្លងមក។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្នុងមួយឆ្នាំជាងនេះតាំងពីចាប់កំណើតរាជរដ្ឋាភិបាលថ្មី យើងបានដាក់ប្រាសាទកោះកេរ ចុះបញ្ជីក្រមា ហើយយើងកំពុងរៀបចំបញ្ជីសង្ក្រាន្តកម្ពុជាយើងទៅក្នុង (អង្គការយូណេស្កូ) ហើយយើងកំពុងរៀបចំចុះបញ្ជីនូវសង្ក្រាន្តកម្ពុជា នៅក្នុងបញ្ជីនោះផងដែរ សូមបន្តកិច្ចការងារនេះដើម្បីឱ្យពិភពលោកបានស្គាល់អ្វីដែលបុព្វបុរសយើងបានខិតខំ»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងវប្បធម៌ និងមន្ត្រីជំនាញសូមបន្តកិច្ចការងារនេះ ដើម្បីឱ្យពិភពលោកបានឃើញនូវអ្វីដែលបុព្វបុរសយើងបានខិតខំដើម្បីជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិចូលរួមបើកចិត្តឱ្យទូលាយ ថែករក្សាអ្វីដែលជារបស់ពិតរបស់ខ្មែរ និងរួមគ្នាចែករំលែកអ្វីដែលខ្មែរមាន ដើម្បីទាំងអស់គ្នា ចូលរួមអបអរសាទរ និងឱ្យបរទេសបានស្គាល់ថាអ្វីជារបស់ខ្មែរ ចំណុចនេះគឺជាការរួមគ្នាលើកស្ទួយ ថែរក្សាសម្បត្តិវប្បធម៌របស់ខ្មែរយើង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានមានទឹកចិត្តមានឆន្ទៈ និងធ្វើអ្វីៗក៏អាចធ្វើបាន ហើយគ្មានអ្នកណាលើកកម្ពស់វប្បធម៌ខ្មែរ ជាងខ្មែរនោះទេ ដូច្នេះ សូមខ្មែរចូលរួមលើកកម្ពស់វប្បធម៌ជាតិខ្មែរ។ សម្តេចធិបតីក៏បានថ្លែងកោតសរសើរក្រសួងវប្បធម៌ និងចំពោះក្រុមការងារទាំងអស់ ដែលបានរៀបចំចុះបញ្ជីបេតិកភណ្ឌររបស់ខ្មែរជាបន្តបន្ទាប់ទៅក្នុងអង្គការយូណេស្កូ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ស្នាដៃដ៏មហិមានេះត្រូវចែករំលែកឱ្យអន្តរជាតិបានទទួលស្គាល់ ពិតណាស់គេមិនយករបស់យើងទេ ប៉ុន្តែអ្វីដែលសំខាន់គឺជាសម្បតិ្តវប្បធម៌មនុស្សជាតិដែលបុព្វបុរសយើងកសាង ចែករំលែកដើម្បីជាផលប្រយោជន៍រួមនៃមនុស្សជាតិ ជាកម្មសិទ្ធិ និងជាអត្តសញ្ញាញរបស់ខ្មែរ។
សម្តេចបវរធិបតី នាយរដ្ឋមន្ត្រី បានបញ្ជាក់ថា ប៉ុន្តែ ក្នុងដំណាក់ការនេះខិតខំធ្វើយ៉ាងណាផ្សាយបន្ថែមនូវអ្វីដែលជារបស់ខ្មែរទៅកាន់ពិភពលោក ដែលមូលដ្ឋានមួយនោះតាមរយៈចុះបញ្ជីបេតិកភណ្ឌ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្ក្រាន្តមិនមែនជារបស់ផ្តាច់មុខប្រទេសណានោះទេ ប្រទេសដែលមានវប្បធម៌ស្រដៀងគ្នា គាត់មានសិទ្ធិជារបស់គាត់ មិនខុសពីគុនខ្មែរ និងមួយថៃនោះទេ ពីព្រោះវប្បធម៌ សិល្បៈ និងក្បាច់គុនបណ្តាប្រទេសនីមួយៗ គឺមានភាពស្រដៀងគ្នា។ ដូច្នេះ កម្ពុជា ចុះបញ្ជីសម្បត្តិវប្បធម៌ ជាឈ្មោះរបស់ខ្មែរ គឺមិនមានបរទេសណាមកហាមឃាត់នោះទេ៕
/p>