(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរចំពោះការកែច្នៃទម្រង់លិស្បៈខ្មែរ និងសម្លៀកបំពាក់បុរាញខ្មែតមួយចំនួនឱ្យកាន់តែមានភាពទាក់ទាញ តែយ៉ាងនេះក្តី សម្តេចមិនណែនាំឱ្យកែច្នៃរហូតបាត់បង់ទម្រង់ដើម ឬអត្តសញ្ញាជាតិឡើយ។

សម្ដេចបានថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី មានប្រសាសន៍ថា កិច្ចការអភិរក្សវប្បធម៌ទំនៀមទម្លាប់មិនប្រាកដមានន័យថានៅទ្រឹងមួយកន្លែង និងមិនធ្វើពិពិធកម្ម ដោយមិនកែច្នៃ និងមិនអភិវឌ្ឍន៍ថ្មីនោះទេ។ ដូច្នេះហើយ សម្តេចបានលើកទឹកចិត្តឱ្យមានការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ជំនួយការបង្កើនចំណាប់អារម្មណ៍ និងភាពទាក់ទាញ ដោយកាត់បន្ថយជាអតិបរមានូវជាយថាហេតុ មកលើចរិតលក្ខណៈដើមនៃសិល្បៈវប្បធម៌បុរាណយើង។ នៅក្នុងន័យនេះក្រសួវវប្បធម៌ វិចិត្រសីល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគោលគំនិតផ្តួចផ្តើមថ្មីៗ នៅក្នុងការធ្វើទំនើបកម្មវិស័យនេះ ជាពិសេសបង្កើនកិច្ចសហការ និងដកបទពិសោធន៍ពីបណ្តាប្រទេសនាំមុខផ្នែកឧស្សាហកម្មវប្បធម៌ ។

សម្តេចធិបតី បានកត់សម្គាល់ថា កន្លងមកមានការកែច្នៃទម្រង់សិល្បៈមួយចំនួនដែលមើលទៅកាន់តែមានភាពទាក់ទាញ ក៏ដូចជាកែច្នៃសម្លៀកបំពាក់ចេញពីហូល ផាមួងខ្មែរជាដើម។ ជាក់ស្តែង អាវដែលសម្តេចពាក់នាថ្ងៃនេះ គឺច្នៃចេញពីហូលខ្មែរ។ ហើយបើទោះបីជាច្នៃជាអាវធំក៏ដោយ គឺមិនមានបញ្ហាទេ ដោយនៅតែរក្សាអត្ថសញ្ញាណខ្មែររបស់យើង ព្រោះហូលខ្មែរគឺជារបស់ខ្មែរយើង ។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «កិច្ចការងារនេះ ខ្ញុំសូមសរសើរចំពោះការច្នៃប្រឌិតខ្ពស់នៅគ្រប់ទម្រង់ទាំងអស់ យើងមានសិល្បៈសហសម័យ យើងមានអីផ្សេងៗដែលយើងសម្តែង ដែលខ្ញុំថា គ្រាន់តែច្នៃហូល ផាមួងយើងទៅជាសម្លៀកបំពាក់ទំនើបបង្ហាញម៉ូតនៅលើឆាកអន្តរជាតិកន្លងទៅនេះគឺជាអ្វីដែលយើងត្រូវបង្ហាញ»

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី មានប្រសាសន៍ថា ការច្នៃប្រឌិតនេះ គឺដើម្បីសម្របទៅនឹងរីកចម្រើននៃសង្គម ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យបាត់នូវអត្តសញ្ញាណាជាតិរបស់យើង នេះគឺជាកិច្ចការសំខាន់។

ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងវប្បធម៌ និងក្រសួងកិច្ចការនារី នៅពេលដែលមានការកែច្នៃប្រឌិតលើសទម្រង់ដើម បានធ្វើការណែនាំភ្លាមៗ៕

/p>