(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការធ្វើបច្ចុប្បន្នភាព និងកំណត់ឱ្យបានច្បាស់នូវទីតាំង​​អភិរក្សតំបន់បុរាណដ្ឋានដែលត្រូវការពារ ពិសេសធ្វើបច្ចុប្បន្នភាពដោយមើលលើដីជាក់ស្ដែង ដើម្បីកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់​ដល់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារ​ជាមួយតំណាងសិល្បករទូទាំងប្រទេស នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ចេញប្លង់កម្មសិទ្ធដីធ្លី សូមឱ្យក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងរៀបចំដែនដី គនរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាអតិបរមា នៅក្នុងឆ្នាំ២០២៥ នូវតំបន់ចាំបាច់បំផុតសម្រាប់ការពារគ្រប់បុរាណដ្ឋាន ដោយឈរលើគោលការណ៍ ២សំខាន់ គឺការការពារតម្លៃដើមរបស់បេតិកភណ្ឌ រួមទាំងបេតិកភណ្ឌដែលមានសក្តានុពលក្រោមដីផង និងកាត់បន្ថយជាអតិបរមានូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋផង។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះគឺជាការងារបន្ទាន់ចំពោះមុខ ដែលនាំដល់ការការពារបានជាស្ថាពរ ពីការរំលោភបំពានក៏ដូចជាការសម្របសម្រួលដល់យុទ្ធនាការវាស់វែង និងចេញប្លង់ និងកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋផងដែរ។

ពាក់ព័ន្ធនឹងចំណុចនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមណែនាំឱ្យក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ធ្វើការជាមួយក្រសួងរៀបចំដែនដី កំណត់ឱ្យបានច្បាស់ ព្រោះឥលូវតំបន់​ដែលយើងកំណត់ថាជាបុរាណដ្ឋាន វាមានច្រើនពាលវាល ច្រើននៅទូទាំងប្រទេស គ្រាន់តែនៅក្នុងតំបន់អង្គរមួយ មានជាង ១ម៉ឺនកន្លែង [..] នេះគឺជាកត្តាមួយចាំបាច់ដែលត្រូវពិនិត្យឡើងវិញ អ្វីដែលសំខាន់​គឺត្រូវធ្វើបច្ចុប្បន្នភាព​ឱ្យបានច្បាស់ ថាតើតំបន់បុរាណស្ថានទាំងអស់នោះ អ្វីដែលយើងមាននៅក្នុងបញ្ជី សូមធ្វើឱ្យពិតប្រាកដ ហើយមើលនៅលើដីជាក់ស្តែង»

សម្ដេចបវរធិបតី បានបន្ថែមថា កន្លែងខ្លះនៅពេលដែលសម្តេចចុះដល់មូលដ្ឋាន ប្រជាជនបានកាន់កាប់នឹងធ្វើប្លង់រឹងរួចទៅហើយ ដូចនេះហើយចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ ព្រោះកន្លែងខ្លះដែល​បានកំណត់ថាជាកន្លែងបុរាណដ្ឋាន ពេលខ្លះវាលែងជាកន្លែងបុរាណដ្ឋានទៅហើយ ប៉ុន្តែដោយសារតែមិនបានធ្វើបច្ចុប្បន្នភាពនៅលើក្រដាស់ លក្ខខណ្ឌនៃការប្រើប្រាស់ដីនេះនៅមានភាពតានតឹង ដូចនេះដើម្បីធានានូវសុក្រិតភាព កិច្ចការដែលយើងត្រូវធ្វើគឺការពារទីតាំងដែលយើងត្រូវថែរក្សា ការពារទីតាំងដែលមានតម្លៃវប្បធម៍នៅក្នុងប្រវត្តិសាស្ត្រ និងត្រូវធានានូវការប្រើប្រាស់ដី​ឱ្យបានសមរម្យ និងសមស្របជាមួយនឹងស្ថានភាពរបស់ប្រជាពលរដ្ឋផងដែរ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បញ្ជាក់ជាថ្មីឱ្យក្រសួងរៀបចំដែនដី និងក្រសួងវប្បធម៍ សហការធ្វើបច្ចុប្បន្នភាពឡើងវិញ ទៅលើទីតាំងបុរាណដ្ឋាន, ត្រូវកំណត់ឱ្យបានច្បាសពីទីតាំងស្ថានីបុរាណដ្ឋាន​ដែលត្រូវការពារ និងត្រូវកំណត់និយមន័យនៃការប្រើប្រាស់ដីធ្លីឱ្យបានច្បាស់ដើម្បីធានាបាននូវតុល្យភាព ដើម្បីការពារកេរតំណែលដូនតា ហើយក៏ត្រូវមានការដោះស្រាយតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ៕

/p>