(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា សម្តេចសង្ឃឹមថា ចាប់ពីពេលនេះតទៅ នឹងមានការលេងល្បែងប្រជាប្រិយ៍ឲ្យផុលផុសឡើងវិញ នៅឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមិនមានការហាមឃាត់ការលេងបាញ់ទឹកនោះទេ។
ការថ្លែងបែបនេះរបស់សម្តេច បានធ្វើឡើងនាឱកាសដែលសម្តេច និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។
ថ្លែងទៅកាន់អង្គពិធី, សម្តេចបវរធិបតី បានថ្លែងបង្ហាញពីទិដ្ឋភាពនាសម័យដើម ដែលប្រជាពលរដ្ឋពេញនិយមលេងល្បែងប្រជាប្រិយខ្មែរពេលចូលឆ្នាំប្រពៃណីខ្មែរ ខណៈដែលយុវវ័យសម័យនេះនឹកឃើញតែការលេងបាញ់ទឹក និងពពុះសាប៊ូ។
សម្តេចបវរធិបតី មានសង្ឃឹមថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ សម្តេច មានបំណងឱ្យយុវជនជាកម្លាំងស្នូល ទាំងសិល្បករ សិល្បការិនី ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ដ៏ល្អល្អះរបស់យើង។
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់ការរៀបចំអង្គរសង្ក្រានក្នុងឆ្នាំនេះ ក៏មានការរៀបចំល្បែងប្រជាប្រិយខ្មែរ ជាពិសេស សម្តេច បានណែនាំដល់គណៈអភិបាលរាជធានី/ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់រៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យកាន់តែផុសផុល និងធ្វើការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏យូរអង្វែងរបស់យើង ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា «ការណែនាំបែបនេះ មិនមែនហាមមិនឱ្យមានការបាញ់ទឹកនោះទេ ប៉ុន្តែកុំភ្លេចល្បែងប្រជាប្រិយរបស់យើងផង ចូលរួមលេងទាំងអស់គ្នា ទាំងសប្បាយ ទាំងលើកតម្កើងសម្បត្តិវប្បធម៌របស់យើង»។
ជាថ្មីម្ដងទៀត សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា សម្តេចសង្ឃឹមថា សង្ក្រានរបស់កម្ពុជា នឹងអាចចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងពេលឆាប់ៗនេះផងដែរ៕
/p>