(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ណែនាំឲ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ដោយបន្ថែមទៅលើការរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាប។
ការណែនាំនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះថា «ឆ្នាំនេះ នៅអង្គរវត្តយើងរៀបចំអង្គរសង្ក្រាន្ត និងរៀបចំសិល្បៈសម្ដែង ប៉ុន្តែនៅទូទាំងប្រទេសត្រូវរៀបចំនៅថ្នាក់ខេត្ត ថ្នាក់ស្រុកឲ្យបានច្រើន ហើយជម្រុញការលេងល្បែងប្រជាប្រិយយើងឲ្យបានច្រើន ដើម្បីថែរក្សានិងលើកស្ទួយវប្បធម៌របស់យើង»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មិនហាមក្នុងការបាញ់ទឹកនោះទេ ប៉ុន្តែសូមចូលរួមលេងល្បែងប្រជាប្រិយឲ្យបានច្រើន ដោយការចូលរួមនេះ បានទាំងសប្បាយ បានទាំងថែទាំវប្បធម៌។ ជាមួយគ្នានេះ សម្ដេចសង្ឃឹមថា «សង្ក្រាន្ដ» នៅកម្ពុជានឹងអាចចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍ នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះ សម្ដេចក៏បានរំលឹកផងដែរថា កាលពីឆ្នាំមុនសម្ដេចពិតជារីករាយជាខ្លាំងនៅក្នុងការលេងល្បែងប្រជាប្រិយ និងបាញ់ទឹក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្ដេចក៏សង្ឃឹមផងដែរថា ឆ្នាំនេះនឹងឆ្នាំបន្តបន្ទាប់ទៀតនឹងមានការចូលរួមលេងល្បែងប្រជាប្រិយកាន់តែផុសផុលឡើង នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាយើង៕
/p>