(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ពុំចាំបាច់សុំពិនិត្យខ្លឹមសារ របស់ផលិតករភាពយន្ដឡើយ ក្រោយក្រសួងវប្បធម៌ ពិនិត្យរួចរាល់ហើយនោះ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានណែនាំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ដថា ឥលូវក្រសួងវប្បធម៌ គឺជាជំនាញ បើសិនជាខ្លឹមសារ ដែលថតកុននេះ ក្រសួងវប្បធម៌អនុញ្ញាតហើយ ពេលដែលសុំទីតាំងថត នៅខេត្ដណា ឬនៅរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន កុំសុំខ្លឹមសារ គេទៅមើលទៀត»

សម្ដេចបវរធិបតី បានថ្លែងថា សម្រាប់វិស័យភាពយន្ត ដែលជាធាតុមួយដ៏សំខាន់នៃឧស្សាហកម្មវប្បធម៌ និងដែលជាង១ឆ្នាំកន្លងមកនេះ សម្ដេចបានចូលរួមពិនិត្យដោយផ្ទាល់ និងបានដាក់ចេញនូវវិធានការដោះស្រាយបញ្ហាមួយចំនួន ដោយរួមបញ្ចូលទាំងគោលការណ៍សម្រួល ដល់សកម្មភាពថតភាពយន្តនៅកម្ពុជា ទាំងសម្រាប់ផលិតកម្មក្នុងស្រុក និងបរទេស។

ប៉ុន្តែស្ថានភាពជាក់ស្ដែង ហាក់ពុំទាន់ទទួលបានភាពរលូន ដែលអនុញ្ញាតឱ្យគ្រប់ផលិតករ ទទួលជោគជ័យ ជាមួយនឹងការចំណាយថវិកា និងពេលវេលាសមស្រប។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ជាការពិតទីផ្សារភាពយន្តនៅកម្ពុជា ពុំទាន់មានលក្ខណៈធំទូលាយ រីឯវិស័យឯកជន និងគ្រប់ផលិតករ ពុំទាន់បានត្រៀមខ្លួនសម្រាប់ការវិនិយោគ លើសេវាជួលឧបករណ៍ និងទីតាំងទាំងនេះ នៅឡើយ។

ជាមួយគ្នានេះ ការជួលឧបករណ៍ទាំងនេះ ពីប្រទេសជិតខាងនៅមានតម្លៃខ្ពស់ រីឯនីតិវិធីនាំចូលសម្ភារៈបម្រើឱ្យការថត នៅមានភាពស្មុគស្មាញ និងពេលវេលាវែង ដែលទាមទារឱ្យមានការពិនិត្យដោះស្រាយ។ នេះជាការគូសបញ្ជាក់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ជាមួយគ្នានេះ ក៏នៅមានភាពរអាក់រអួលដែល កើតចេញពីកិច្ចសហការរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដី ក្នុងការសម្រួលដល់សកម្មភាពថត ហើយទីតាំងសក្តានុពលសម្រាប់ថតភាពយន្ត ក៏ពុំទាន់ត្រូវបានរៀបចំបើកចំហដល់ផលិតករនៅឡើយ។

ទន្ទឹមគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវមោទនភាព ចំពោះការរីកចម្រើនរបស់វិស័យភាពយន្ដនៅកម្ពុជាផងដែរ៕