Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំណូមពរឲ្យសហគមន៍ទេសចរណ៍កោះហាន រ៉ាំសា ប្រើប្រាស់ App NoDrug

05-03-2025 19:37

(ស្ទឹងត្រែង)៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបប្រជាសហគមន៍ទេសចរណ៍កោះហាន រ៉ាំសា ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍ក្នុងករណីមានបញ្ហាគ្រឿងញៀន នៅក្នុងសហគមន៍ក៏ដូចជាមូលដ្ឋានរបស់ពួកគាត់។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សហគមន៍ និងបានលើកយកនូវអត្ថប្រយោជន៍ ក៏ដូចជាមុខងារនានា ដែលមានបំពាក់ក្នុង App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន៖ កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាល ហើយនិងមុខងាររាយការណ៍ សម្រាប់ស្វែងរកអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយ។

ជាមួយនឹងការចាប់អារម្មណ៍ពី App NoDrug លោក ជួន ចិត្ត ដែលជាអ្នកបើកបរទូកទេសចរណ៍នៃសហគមន៍កោះហាន រ៉ាំសា បានប្រាប់ឲ្យដឹងថា សហគមន៍ទេសចរណ៍កោះហាន គឺជារមនីយដ្ឋានទេសចរណ៍ធម្មជាតិ នៃដងទន្លេមេគង្គដែលផ្ដល់នូវទឹកត្រជាក់ ធម្មជាតិស្រស់បំព្រងមានម្លប់ឈើធំៗនិងខ្សាច់សស្អាត ដែលគួរជាទីរមនាសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយបច្ចប្បន្ននេះ មានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកំសាន្តនៅទីរមណីយដ្ឋានកោះហាន រ៉ាំសា នេះយ៉ាងច្រើន ជាលក្ខណៈគ្រួសារដើម្បីងូតទឹក លេងយ៉ាងត្រជាក់ បោះតង់ ក៏ដូចជាកម្មវិធីពិកនិកអាំងសាច់ញ៉ាំលេងយ៉ាងសប្បាយរីករាយបំផុត៕