(ភ្នំពេញ)៖ រថយន្តបែនមួយគ្រឿង បោះពួយក្នុងល្បឿនលឿន វ៉ាជែងជ្រុលចង្កូតទៅបុករថយន្តបែនមួយគ្រឿងទៀត បើកច្រាសទិស យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់របួស ជើងគៀបជាប់ក្នុងកាប៊ីនរថយន្ត ចំណែកអ្នកបើកបរម្ខាងទៀតរត់គេចទៅបាត់។
ហេតុការណ៍កើតឡើងនៅម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។
លោក សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលបន្ទុកក្រុម ៧១១ ដែលដឹកនាំកម្លាំងសង្គ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានប្រាប់ថា ជនរងគ្រោះគៀបជាប់ក្នុងកាប៊ីន ឈ្មោះ ប៊ី ឃុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ បើកបររថយន្តបែន ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3553 ដឹកថ្មពេញរថយន្ត មានទីលំនៅភូមិស្លែងឃុំរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ទៀត ជាព្រូរថយន្ត មានឈ្មោះ ជិន ស៊ីហា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ ឃុំជាមួយគ្នា មិនមានរបួស៕