(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងទទួលទានភោជនាហារជាមួយតំណាងសិល្បករទូទាំងប្រទេស។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧៖
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីសេចក្ដីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុង «ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៦» ប្រកបដោយបរិយាកាសរីករាយ
* នេះជាលើកទី២ ដែលសម្ដេច និងលោកជំទាវបណ្ឌិត បានចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដើម្បីជាការរំឭកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធទិវាជាតិជារៀងរាល់ឆ្នាំក៏ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូប, ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា»
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាបានកកើតឡើងជាមួយប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ, ទាំងរូបី និងអរូបីដ៏សម្បូរបែប ត្រូវបានបង្កើត និងថែរក្សាការពារ ដោយបុព្វ- បុរសគ្រប់ជំនាន់ គឺជាសក្ខីភាព និងបានក្លាយជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ និង ប្រជាជន
* ក្នុងន័យនេះ, សម្ដេចបន្ដថា កិច្ចការបន្តវេនថែរក្សា ការពារ និង អភិវឌ្ឍ បានក្លាយជា កាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ហើយបច្ចុប្បន្ន, ភារកិច្ចនេះ មិនត្រឹមតែផ្តោតគោលដៅ ការពារអត្តសញ្ញាណជាតិមួយមុខនោះទេ, ប៉ុន្តែថែមទាំងជាកិច្ចខិតខំបង្វែរទិសបន្ថែម ដល់វិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមដោយផ្ទាល់ និងដោយប្រយោល ដល់កំណើន សេដ្ឋកិច្ច និងទ្រទ្រង់ជីវភាពប្រជាជន តាមរយៈ ការកសាងជំនាញបន្តវេន, បង្កបង្កើត ការងារ និងតាមរយៈការរីកចម្រើនរបស់វិស័យឧស្សាហកម្មវប្បធម៌
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួម គាំទ្រ សហការ សម្របសម្រួលរបស់ក្រសួង-ស្ថាប័នរដ្ឋ, វិស័យឯកជន, ប្រទេសជាដៃគូ, អង្គការជាតិ-អន្ដរជាតិ ក៏ដូចជា លោកគ្រូ អ្នកគ្រូ, សិស្ស-និស្សិត, សិល្បករ-សិល្បការិនី ក្នុង និងក្រៅប្រព័ន្ធ និងប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលសុទ្ធតែជាតួអង្គដ៏ចាំបាច់ ក្នុងការពង្រឹង និងជំរុញវិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យស្ថិតនៅលើវិថីមួយដ៏ត្រឹមត្រូវ, ជោគជ័យ និងការពារបាននូវប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឆ្នាំនេះ គឺជាឆ្នាំទី១០ ដែលរាជរដ្ឋាភិបាលបន្តរក្សាការប្រារព្ធទិវាវប្បធម៌ជាតិ ក្រោម ប្រធានបទតែមួយគឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយសារតែវិសាលភាពដ៏ធំនៃវិស័យសិល្បៈវប្បធម៌ ការពង្រឹងថែរក្សា និងអភិវឌ្ឍ គ្មានដែនកំណត់ជាកាតព្វកិច្ចចាំបាច់របស់ យុវជនបន្តវេន ក៏ដូចជា ជាវិស័យដែលងាយទទួលរងហានិភ័យដែលកើតចេញពីការកើន ឡើងនៃសាកលភាវូបនីយកម្មសិល្បៈវប្បធម៌ ទាំងក្នុងតំបន់និងពិភពលោក, ព្រមទាំងពី ស្ថានភាព ដែលបច្ចេកវិទ្យាបាន និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងសេដ្ឋកិច្ច សង្គមនិងនយោបាយ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីឆ្នាំ ២០២៤ កន្លងទៅ សម្ដេចបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការកសាង ឱ្យបាននូវយុវជនបន្តវេន ដោយត្រូវដាក់ចេញឱ្យបាននូវវិធានការពង្រឹង, ទាំងបរិមាណ និង គុណភាព ដោយរាប់បញ្ចូលទាំងសកម្មភាពបណ្ដុះបណ្ដាល, លើកទឹកចិត្ត, ពង្រីកឱកាស ចូលរួមជំរុញ និងការបង្កើតស្នាដៃថ្មីៗជាដើម។
* សម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យសិល្បៈវប្បធម៌ ពិតជាងាយនឹងទទួលរង ផលប៉ះពាល់ពីស្ថានភាព ដែលគ្មានរបាំងកំណត់នៃការឆ្លងទៅវិញទៅមកនៃវប្បធម៌ប្រពៃណី, ទាំងក្នុងតំបន់ និងពិភពលោក រីឯបរិវត្តកម្មឌីជីថល ក៏បន្តបង្ហាញពីសារៈសំខាន់ និងបញ្ហាប្រឈមផងដែរ សម្រាប់វិស័យនេះ
* សម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំង AI ផង, កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម, ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើន នៃការប្រើប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ, ទាំងសម្រាប់ការផ្សព្វផ្សាយអាជីវកម្ម, ការផ្តល់ព័ត៌មាន ការបង្ហាញអំពីគំនិតច្នៃប្រឌិត និងស្នាដៃថ្មី, សារអប់រំ រូបភាព និង វីដេអូ ផ្ទាល់ខ្លួន ជាមួយនឹងសម្លៀកបំពាក់ កាយវិការ និងពាក្យពេចន៍ថ្លៃថ្នូរសមរម្យ ជាដើម
* ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលក្រសួងសម្រេចបាននាពេលកន្លងទៅ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមផ្តល់យោបល់បន្ថែមលើទិដ្ឋភាពការងារមួយចំនួន។
ទី១៖ ភាពសម្បូរបែប នៃបេតិកភណ្ឌនៅគ្រប់ទីកន្លែងនៃប្រទេស គឺជាមោទនភាព របស់ជាតិ និងប្រជាជន ប៉ុន្តែបញ្ហាប្រឈមពាក់ព័ន្ធកិច្ចអភិរក្សថែរក្សា និងផលប៉ះពាល់ កម្មសិទ្ធប្រជាពលរដ្ឋ, ជាពិសេសសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី, មិនទាន់ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរនៅឡើយ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ និងក្រសួងដែនដី សហការគ្នាកំណត់ទីតាំងអភិរក្សឲ្យបានច្បាស់លាស់ ពិសេសការធ្វើបច្ចុប្បន្នភាព និងមើលលើដីជាក់ស្ដែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានីយបូរាណជាង១ម៉ឺនដុល្លារ ប៉ុន្ដែនៅពេលនេះត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យកំណត់ទីតាំងបូរាណដ្ឋានឲ្យបានច្បាស់លាស់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លែងខ្លះទួលបុរាណ ប៉ុន្ដែប្រជាពលរដ្ឋបានទៅរស់នៅអាស្រ័យផល ហើយមានប្លង់រឹងថែមទៀត ដូច្នេះត្រូវកំណត់ឡើងវិញឲ្យបានច្បាស់លាស់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវការពារកេរ្ដិ៍ដំណែលដូនតា ប៉ុន្ដែក៏ត្រូវស្វែងយល់អំពីតម្រូវការជាក់ស្ដែង និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ
ទី២៖ ជោគជ័យនៃការចុះបញ្ជី ទាំងបេតិកភណ្ឌរូបី និងអរូបី បន្តក្លាយជាមោទនភាពជាតិ និងបន្តពង្រឹងរូបភាពកម្ពុជាលើឆាកអន្តរជាតិ តាមរយៈវិស័យសិល្បៈវប្បធម៌។ សម្ដេចជំរុញលើកទឹកចិត្តដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តការងារដ៏មានតម្លៃនេះ និងសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ, ជាពិសេស ក្រសួងបរិស្ថាន បន្តពង្រឹងកិច្ចសហការ និងដាក់ចេញនូវគម្រោងបន្តចុះបញ្ជី នៅលើតំបន់ធម្មជាតិនានារបស់យើង, ទាំងក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិរបស់អង្គការយូណេស្កូ ក៏ដូចជា ក្នុងបញ្ជីនៃយន្តការតំបន់អាស៊ានជាដើម។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរក្រសួងវប្បធម៌ ដែលរៀបចំចុះបញ្ជីបេតកភណ្ឌអរូបីយ៍នាពេលកន្លងមក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល កំពុងរៀបចំគិតគូរចុះបញ្ជី «សង្ក្រាន្ដ» ក្នុងបញ្ជីបេតិកភណ្ឌអរូបីយ៍
ទី៣៖ វឌ្ឍនភាពថ្មីៗនៃវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសិប្បកម្មខ្នាតតូច មធ្យម និងលក្ខណៈគ្រួសារ ពាក់ព័ន្ធនឹងផលិតផល ដែលមានលក្ខណៈប្រពៃណី ជាអាទិ៍តម្បាញ, ហូល, ផាមួង, ចម្លាក់, សូនរូប ព្រមទាំងផលិតផល ប្រពៃណី ក្រោមទម្រង់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុអនុស្សាវរីយ៍នានា គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីការបោះជំហានទៅមុខ និងការចូលរួមរបស់វិស័យសិល្បៈវប្បធម៌ ក្នុងកំណើនសេដ្ឋកិច្ច
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោកជំទាវបណ្ឌិត ភ្ញាក់ផ្អើលនៅពេលឃើញគេយករូបរបស់លោកជំទាវ ស្លៀកពាក់ឈុតប្រពៃណីទៅប្រម៉ូត
ទី៤៖ កិច្ចការអភិរក្សសិល្បៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ មិនប្រាកដមានន័យថា ត្រូវតែនៅទ្រឹងមួយកន្លែងដោយមិនធ្វើពិពិធកម្ម ដោយមិនកែច្នៃ និងអភិវឌ្ឍថ្មី នោះទេ។ សម្ដេចសូមជំរុញលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ជាជំនួយបង្កើនចំណាប់អារម្មណ៍ និងភាពទាក់ទាញដោយត្រូវកាត់បន្ថយជាអតិបរិមានូវផលប៉ះពាល់ជាយថាហេតុមកលើចរិតលក្ខណៈដើមនៃសិល្បៈវប្បធម៌បុរាណ។
* ក្នុងន័យនេះ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរពង្រីកតំបន់សកម្មភាពរបស់ខ្លួន ដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការធ្វើទំនើបកម្មវិស័យនេះ ជាពិសេសបង្កើនកិច្ចសហការ និងដកស្រង់បទពិសោធពីបណ្តាប្រទេសនាំមុខផ្នែកឧស្សាហកម្មវប្បធម៌
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការកែច្នៃទម្រង់សិល្បៈប្រពៃណីខ្មែរ តែមិនត្រូវធ្វើឲ្យបាត់បង់អត្តសញ្ញាណជាតិឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់ និងធ្វើទំនើបកម្មវប្បធម៌ មិនខុសពីការធ្វើកំណែទម្រង់គោលនយោបាយ ដែលដកស្រង់បទពិសោធន៍ពីប្រទេសជិតខាងនោះទេ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រុមអ្នកចម្រៀងរ៉េប មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថ ដូចបរទេសនោះ, ត្រូវរក្សាភាពថ្លៃថ្នូរ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ ត្រូវពង្រឹងបន្ថែមដល់តារាចម្រៀងរ៉េប ដើម្បីកុំឲ្យលើសព្រំដែនសីលធម៌
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលចេញមកជួយឈឺឆ្អាល ចំពោះការលើសលួសអ្វីមួយនៅតាមបណ្ដាញសង្គម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម័យបច្ចេកវិទ្យា ផ្ដោតលើការទាញអារម្មណ៍ ជាងមូលដ្ឋានជាក់ស្ដែង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងអំពីករណីក្មេងស្រីលក់សណ្ដែកដីនៅខេត្តព្រះសីហនុ ថតសម្ដែងរុញ (Prank) និងករណីពិធីការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ លើនារីម៉ូឌែលក្នុងកម្មវិធីប្រដាល់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអ្នកបង្កើតមាតិកា ត្រូវគិតគូរឲ្យបានច្បាស់ចំពោះសកម្មភាពនៃការថតសម្ដែង ហើយត្រូវគិតអំពីតម្លៃជាក់ស្ដែង កុំគិតតែចំនួនអ្នកមើល Like Share
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបញ្ឈប់រាល់សកម្មភាព ដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ ហើយត្រូវគិតគូរអំពីទំនាក់ទំនងជាមួយអ្នកនៅក្បែរខ្លួន
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹករឿងរ៉ាវករណីគ្រោះថ្នាក់បន្ដិចបន្ទួច តែព្យាយាមតេហៅអ្នកនេះអ្នកនោះ ដើម្បីមកដោះស្រាយធ្វើឲ្យរឿងកាន់តែធំ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ សូមដោះស្រាយបញ្ហាដោយសន្ដិវិធី កុំព្យាយាម Live នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យបញ្ហាកាន់តែក្ដៅលើសដើម
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រើអភិក្រម «មានបញ្ហាត្រូវរួមគ្នាដោះស្រាយ» កុំឲ្យមហាជនលើបណ្ដាញសង្គមជួយដោះស្រាយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វប្បធម៌ សីលធម៌ ជាទំនៀមទម្លាប់ និងជាការប្រទាក់ក្រឡាក្នុងការរស់នៅ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យយកបញ្ហាបុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម, ពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី។
ទី៥៖ សម្ដេចបង្ហាញមោទនភាពចំពោះកម្រិតជោគជ័យ នៃសកម្មភាពថែទាំ ជួសជុល លើកតម្លៃបេតិកភណ្ឌរូបី នៅទូទាំងប្រទេស ដោយរួមបញ្ចូលទាំងប្រាង្គប្រាសាទ, ហេដ្ឋរចនាសម្ព័ន្ធបុរាណ និងប្រវត្តិសាស្ត្រ ព្រមទាំងបុរាណដ្ឋានផ្សេងៗ ជាមួយនឹងការកសាងនូវ បទពិសោធខ្ពស់, យន្តការការងារច្បាស់លាស់, ធនធានមនុស្សបន្តវេនមានភាពរឹងមាំ ក្នុងការបន្តថែរក្សាសម្បត្តិបេតិកភណ្ឌទាំងនេះ ឱ្យរឹងមាំគង់វង្សទៅថ្ងៃអនាគត
* ជាមួយនឹង មោទនភាពនេះ, សម្ដេចព្រួយបារម្ភអំពីហានិភ័យនៃការបាត់បង់ទម្រង់បេតិកភណ្ឌអរូបី មួយចំនួន ដែលភាពគង់វង្ស គឺអាស្រ័យទាំងស្រុងទៅនឹងធនធានមនុស្សបន្តវេន, ជាពិសេសសម្រាប់វិស័យសិល្បៈ, សិប្បកម្ម ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះមរតកដែលងាយបាត់បង់
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដួចផ្ដើមគំនិតរៀបចំការសម្ដែងយីកេ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ចាប់ពីពេលនេះតទៅ នឹងមានការលេងល្បែងប្រជាប្រិយ៍ឲ្យផុលផុសឡើងវិញ នៅឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
ទី៦៖ អនុលោមតាមកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល, សូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តពង្រឹងក្របខ័ណ្ឌការងាររបស់ សាលាមធ្យមវិចិត្រសិល្បៈ ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងទិសដៅបង្កើនឱ្យបានចំនួនសិស្សនិស្សិតជំនាញសិល្បៈ វប្បធម៌អរូបី ដោយត្រូវបន្តផ្តោតលើកិច្ចការស្រាវជ្រាវ និងដាក់បញ្ចូលនូវការបណ្តុះ- បណ្តាលជំនាញទាំងឡាយ ដែលប្រឈមនឹងហានិភ័យបាត់បង់ ជំរុញលើកទឹកចិត្ត ការអាន ស្រាវជ្រាវ ស្វែងយល់ស៊ីជម្រៅលើឫសគល់នៃតម្លៃជាតិ និងគំនិតច្នៃប្រឌិតថ្មី។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនរួមគ្នាផុសផុល ដើម្បីគាំទ្រសិល្បៈវប្បធម៌
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ទោះបីរាជរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាបក្ដី។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាហារូបករណ៍១,៥លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បែងចែកប្រមាណ៣ទៅ៤ភាគរយ សម្រាប់វិស័យវប្បធម៌ផងដែរ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យយុវជន សិក្សារៀនជំនាញដូនតា ដើម្បីប្រកបរបរប្រចាំថ្ងៃ
ទី៧៖ ការបន្តបើកឱកាសដល់យុវជនចូលរួមកិច្ចការផ្ទាល់របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដូចជាការបន្តនាំសិល្បៈវប្បធម៌ខ្មែរផ្សព្វផ្សាយនៅក្រៅប្រទេស តាមរយៈ ពិព័រណ៍វត្ថុបុរាណខ្មែរ និងការសម្ដែងសិល្បៈនៅក្រៅប្រទេស ក៏ជាឱកាសល្អក្នុងការកសាង បទពិសោធសម្រាប់សិស្សនិស្សិតផងដែរ ពាក់ព័ន្ធចំណុចនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះភាពសកម្មរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការពាំនាំរូបភាពកម្ពុជាទៅផ្សព្វផ្សាយនៅក្រៅប្រទេស និងសូមថ្លែងអំណរគុណចំពោះបងប្អូនខ្មែរនៅក្រៅប្រទេស ដែលតែងតែចូលរួមគាំទ្រសកម្មភាពទាំងនេះ។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ការសម្ដែងរាំអប្សរានៅភ្នំទឹកកក និងជិះកង់ទៅក្រៅប្រទេសដាក់ទង់ជាតិកម្ពុជា, សូមបន្ដលើកទឹកចិត្តចូលរួមយកសិល្បៈវប្បធម៌ បណ្ដុះបណ្ដាលកូនខ្មែរនៅក្រៅប្រទេស
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវប្បធម៌
ទី៨៖ សម្រាប់វិស័យភាពយន្ត ដែលជាធាតុមួយដ៏សំខាន់នៃឧស្សាហកម្មវប្បធម៌ និងដែលជាង១ឆ្នាំកន្លងមកនេះ ខ្ញុំបានចូលរួមពិនិត្យដោយផ្ទាល់ និងបានដាក់ចេញនូវវិធានការដោះស្រាយបញ្ហាមួយចំនួន ដោយរួមបញ្ចូលទាំងគោលការណ៍សម្រួលដល់សកម្មភាពថតភាពយន្តនៅកម្ពុជា ទាំងសម្រាប់ផលិតកម្មក្នុងស្រុក និងបរទេស។ ប៉ុន្តែស្ថានភាពជាក់ស្ដែងហាក់ពុំទាន់ទទួលបានភាពរលូន ដែលអនុញ្ញាតឱ្យគ្រប់ផលិតករ ទទួលជោគជ័យជាមួយនឹងការចំណាយថវិកា និងពេលវេលាសមស្រប។
* ជាការពិត ទីផ្សារភាពយន្តនៅកម្ពុជាពុំទាន់មានលក្ខណៈធំទូលាយ រីឯវិស័យឯកជន និងគ្រប់ផលិតករ ពុំទាន់បានត្រៀមខ្លួនសម្រាប់ការវិនិយោគ លើសេវាជួលឧបករណ៍ និងទីតាំងទាំងនេះ នៅឡើយ។ ជាមួយគ្នានេះ ការជួលឧបករណ៍ទាំងនេះ ពីប្រទេសជិតខាងនៅមានតម្លៃខ្ពស់ រីឯនីតិវិធីនាំចូលសម្ភារៈបម្រើឱ្យការថត នៅមានភាពស្មុគស្មាញ និងពេលវេលាវែង ដែលទាមទារឱ្យមានការពិនិត្យដោះស្រាយ។
* ជាមួយគ្នានេះ ក៏នៅមានភាពរអាក់រអួលដែល កើតចេញពីកិច្ចសហការរបស់ក្រសួង-ស្ថាប័ន និងអាជ្ញាធរដែនដីក្នុងការសម្រួលដល់សកម្មភាពថត ហើយទីតាំងសក្តានុពលសម្រាប់ថតភាពយន្តក៏ពុំទាន់ត្រូវបានរៀបចំបើកចំហដល់ផលិតករនៅឡើយ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានី-ខេត្ត ពុំចាំបាច់សុំពិនិត្យខ្លឹមសាររបស់ផលិតករភាពយន្ដឡើយ ក្រោយក្រសួងវប្បធម៌ ពិនិត្យរួចរាល់ហើយនោះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មោទនភាពចំពោះការរីកចម្រើនរបស់វិស័យភាពយន្ដនៅកម្ពុជា។
* ទី៩៖ បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ និងសេវាសម្រួលដល់សកម្មភាពទស្សនា របស់ភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ, ជាពិសេស រមណីយដ្ឋានអង្គរ ត្រូវបានបន្តពង្រឹង និងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានទូទៅ។ ខ្ញុំសូមលើកទឹកចិត្ត ដល់ អាជ្ញាធរពាក់ព័ន្ធបន្តសកម្មភាពនេះ ជាពិសេសតម្រង់ទិសបន្ថែមទៅដល់ទីតាំង ប្រាសាទផ្សេងទៀត ឱ្យមានអនាម័យ និងសណ្តាប់ធ្នាប់ខ្ពស់។
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចបានជាបន្តបន្ទាប់ ក្នុងបុព្វហេតុអភិរក្ស លើកស្ទួយនិងអភិវឌ្ឍវប្បធម៌ជាតិ។ សូមឱ្យមនសិការស្នេហាជាតិ និងស្នេហាវិស័យសិល្បៈវប្បធម៌ ស្ថិតនៅជានិច្ចកាល និងរីកដុះដាល ក្នុងស្មារតីនិងសកម្មភាពរបស់ជនជាតិខ្មែរគ្រប់ៗរូប, ពិសេស ក្នុង ចំណោមយុវជនរបស់យើង ដែលត្រូវបន្តវេននៅក្នុងការងារអភិរក្ស លើកស្ទួយ និង អភិវឌ្ឍវប្បធម៌ជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនជានិច្ចនិរន្តរ៍។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង សូមជូនពរដល់ស្រ្តីគ្រប់រូប ក្នុងឱកាសថ្ងៃ៨ មីនា ទទួលបានសេចក្តីសុខ សេចក្តីចម្រើន ទទួលបានជោគជ័យ សុខភាពល្អ ចូលរួមចំណែកក្នុងការថែទាំ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាល នៅវេលាម៉ោង៦៖៣៧នាទី សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕