(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភារាអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់ក្រសួងព័ត៌មាន។
ពិធីនេះមានការចូលរួមពីលោកស្រីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា បានអានសារលិខិតសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១ ៤នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ជូនដល់អង្គពិធីបានយល់ជ្រាបផងដែរ។
ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅឆ្នាំ២០២៥នេះ ការរៀបចំយុទ្ធនាការទិវានារីអន្តរជាតិ ៨មីនា ខួបទី១១៤ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្នុងគោលបំណងចូលរួមជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ អបអរសាទរខួប៣០ឆ្នាំនៃសេចក្ដីថ្លែងការណ៍ ទីក្រុងប៉េកាំង ព្រមទាំងរំលឹកអំពីការតស៊ូទាមទារសិទ្ធិ សេរីភាព បង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តឱ្យបានជោគជ័យតាមគោលបំណង នៃប្រធានបទដែលបានដាក់ចេញ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តកំណត់ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព ដែលក្នុងនោះ «ស្ត្រីគឺជាស្នូល»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងព័ត៌មាន ដោយបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ដែលតួអង្គសំខាន់ និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជំរុញប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់។
សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។
ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្តនិងវិធានការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕