(កំពង់ចាម)៖ លោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) នៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ កាចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជា ៦០០ នាក់។

ជំនួសមុខឱ្យសមាជិក សមាជិកានៃកិច្ចប្រជុំទាំងមូល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន (គ.វ.អ) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីផ្សព្វផ្សាយ ជូនដល់សាលារៀនគោលដៅដែលបានអនុវត្ត និងសាលារៀនគោលដៅដែលនឹងត្រូវជ្រើសរើសបន្ថែមក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សម្រាប់ខេត្តកំពង់ចាម និងខេត្តព្រៃវែង អំពីអត្ថប្រយោជន៍ នៃវិធានការគន្លឹះរបស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការ គន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ធ្វើយ៉ាងណា ជំរុញការចូលរួមលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ក្នុងគោលបំណងរួមគឺដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ឱ្យស្រតាមយុទ្ធសាស្ត្របញ្ចកោណដែលបានកំណត់យក “មនុស្ស” ជាអាទិភាពជាងគេនៃអាទិភាពគន្លឹះទាំង ៥ ហើយព្រមទាំងឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ ។

ជាមួយគ្នានោះ ក្នុងនាមគណៈគ្រប់គ្រងសាលារៀនគោលដៅក្នុងខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) ដែលបានជ្រើសរើសនិងចាត់បញ្ចូល សាលាទាំង ១៤ ក្នុងខេត្តកំពង់ចាម ជាសាលារៀនគោលដៅ គ.វ.អ។

លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានមានប្រសាសន៍ក្នុងឱកាសនោះផងដែរថា វិធានការគន្លឹះក្នុងវិស័យអប់រំ គឺជាវិធានការថ្មីស្រឡាង ដែលតម្រូវឲ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងសមត្ថភាពខ្ពង់ខ្ពស់។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ នៅក្នុងការអភិវឌ្ឍន៍វិស័យអប់រំ តាមរយៈវិធានការគន្លឹះក្នុងវិស័យអប់រំនេះ គឺមានគោលបំណងសម្រេចគោលដៅ ចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៣០ ដែលធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងរយៈពេលវែងចក្ខុវិស័យកម្ពុជានៅឆ្នាំ ២០៥០ ដែលប្រជាពលរដ្ឋមានប្រាក់ចំណូលកម្រិតខ្ពស់ ឬក៏យើងហៅថាជាប្រទេសអ្នកមាន។