(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun និងសូមសំណូមពរ ដល់សមត្ថកិច្ចចិនជួយស្រាវជ្រាវ និងចាត់វិធានការចំពោះបុគ្គលនេះ ដែលផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់កិត្តិយស និងកិត្តិនាមនគរបាលជាតិកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Weibo របស់ប្រទេសចិន មួយរូបឈ្មោះ Tie Xiao Jun បានធ្វើការផ្សព្វផ្សាយ ដោយចេតនាទុច្ចរិតចោទប្រកាន់មកលើ ស្ថាប័ននគរបាលជាតិកម្ពុជា បង្កើតឱ្យមានការភ័ន្តច្រឡំដល់មតិសាធារណៈជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការភ័យខ្លាច ដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនបរទេស។

ខ្លឹមសារ នៃការផ្សព្វផ្សាយនោះ មានការចោទប្រកាន់មកលើនគរបាលជាតិកម្ពុជាពាក់ព័ន្ធថា បានលក់ព័ត៌មានទៅ ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ករណីពលរដ្ឋចិន កំពុងរងគ្រោះ ដោយការធ្វើទារុណកម្មក្នុង ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដែលរូបគេ (Tie Xiao Jun) ជាអ្នកដើរប្រមូលព័ត៌មានពីពលរដ្ឋចិន ដែលកំពុងធ្វើការក្នុងទីតាំងអនឡាញ នៅកម្ពុជា ដោយផ្ទាល់។

គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមប្រកាសច្រានចោលទាំងស្រុង ចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គម Weibo ឈ្មោះ Tie Xiao Jun និងសូមសំណូមពរដល់សមត្ថកិច្ចចិនជួយស្រាវជ្រាវ និងចាត់វិធានការចំពោះបុគ្គលនេះ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងកិត្តិនាមរបស់នគរបាលជាតិកម្ពុជា ជាពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្រោមយន្តការកិច្ចសហការអនុវត្តច្បាប់នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ សូមប្រុងប្រយ័ត្នចំពោះព័ត៌មាន ក្លែងក្លាយ និងជៀសវាងចូលរួមចែករំលែកព័ត៌មានក្លែងក្លាយដោយខ្វះការទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចរីករាយ ស្វាគមន៍ ចំពោះការចូលរួមផ្តល់ព័ត៌មានដែលត្រឹមត្រូវ ឈានដល់ការអន្តរាគមន៍ជួយ សង្គ្រោះបានទាន់ពេលវេលា៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖