(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក (APIWSA) បន្តសហការគ្នារៀបចំគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា។

ការបង្ហាញជំហរបន្តសហការគ្នាបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យតំណាងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក (APIWSA) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ។ ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន។

តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក (APIWSA) បើមានគោលបំណងចង់រៀបចំពិនិត្យឡើងវិញ ការចុះអនុស្សារណៈយោគយល់គ្នា (MoU) រវាងក្រសួងព័ត៌មាន ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៧ កន្លងមកនេះ គឺក្រសួងព័ត៌មាននឹងធ្វើការពិនិត្យឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការងារនេះមិនត្រឹមតែចុះលើក្រដាសនោះទេ ប៉ុន្តែ គឺមានសកម្មភាពអនុវត្ត និងធ្វើយ៉ាណាឱ្យកាត់បន្ថយភាពអវិជ្ជាមានទៅដល់សង្គម និងបង្កើនការអប់រំ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើទៅកាន់ក្រុមហ៊ុន ត្រូវធ្វើយ៉ាងណាផ្លាស់ប្តូរការផ្សាយសារពាណិជ្ជកម្មឱ្យទៅជាការអប់រំវិញ ដោយបង្ហាញសារអប់រំធំៗនៅលើផ្ទាំងប៉ាណូ ដោយបញ្ជាក់ថា នេះជាការឧបត្ថម្ភដោយក្រុមស្រាបៀរជាដើម។

នៅចំពោះមុខតំណាងក្រុមហ៊ុន APIWSA, រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការផ្សព្វផ្សាយពាណ្ជកម្មគ្រឿងស្រវឹងដោយសារតែការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់សុខភាពជាដើម។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានងាកមកគោរពច្បាប់ និងស្នើសុំការអនុញ្ញាតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ត្រង់ចំណុចនេះ គឺមានការផ្លាស់ប្តូរឥរិយាបថ ក្នុងការផ្សព្វផ្សាយគ្រឿងស្រវឹងប្រហែល៥០ភាគរយ ងាកមកផ្សាយសារអប់រំ ហើយឧបត្ថម្ភដោយគ្រឿងស្រវឹង៕