(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្រ្គីខលឆឺរ័ល ឯ.ក ឬហៅថា ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីជូនដំណឹងជាសាធារណៈរបស់ ក្រុមហ៊ុន ហ្គ្រីន អាយលែន អេហ្គ្រីខលឈើរ័ល ឌីវេឡុបមេន (ខេមបូឌា) លីមីធីត ឬហៅថា ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដែលបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) ចំពោះហេតុការណ៍ប្រទះឃើញសត្វគោមួយក្បាលស្លាប់ ក្នុងកសិដ្ឋានចំការចេករបស់ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមក ព្រមទាំងបានធ្វើការចោទប្រកាន់ទម្លាក់កំហុស ក្នុងចេតនាបរិហារកេរ្តិ៍ និងធ្វើឱ្យសាធារណជន មានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរមកលើ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA)។

ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) បានបំភ្លឺជូនសាធារណជនដូចខាងក្រោម៖

១៖ ករណីប្រទះឃើញសត្វគោមួយក្បាលស្លាប់ នៅក្នុងទីតាំងកសិដ្ឋានចំការចេករបស់ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) ក្រុមហ៊ុនបានចេញសេចក្តីបំភ្លឺរួចមកហើយ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ និងរង់ចាំលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច ។

២៖ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) មិនបានចូលកាន់កាប់ដោយខុសច្បាប់នូវដីសម្បទានរបស់ ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ឡើយ រឹតតែពុំបានធ្វើសកម្មភាពខុសច្បាប់ណាមួយដូចជា «ការប្រើប្រាស់កាំភ្លើងបាញ់សម្លាប់សត្វ ការកាប់ឈើខុសច្បាប់ និងការបណ្តេញចេញដោយប្រើហិង្សា» ដូចការចោទប្រកាន់ក្នុងសេចក្តីជូនដំណឹងជាសាធារណៈរបស់ ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) នោះទេ។

សូមបញ្ជាក់ថា រវាង ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) និង ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) មានវិវាទមួយចំនួន ដែលកំពុងដោះស្រាយតាមផ្លូវតុលាការ ដែលវិវាទទាំងនោះកើតចេញពីការគេចវេះមិនបំពេញកាតព្វកិច្ចរបស់ ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ហើយត្រូវបាន ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) ដាក់បណ្តឹងទៅតុលាការ ដោយវិវាទទាំងនោះរួមមានជាអាទិ៍៖

* ករណីប្រាក់កម្ចីចំនួន USD ៤.៤៧៩.២០០ (បួនលានបួនសែនប្រាំពីរម៉ឺនប្រាំបួនពាន់ពីររយដុល្លារអាមេរិក) ដែលមានភាគី ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) ជាអ្នកឱ្យខ្ចី និង ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ជាអ្នកខ្ចី ។ ករណីនេះ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) បានដាក់ពាក្យបណ្តឹងចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញដំណើរការនីតិវិធី និងចេញសាលក្រមលេខ ៦២៨ “ស” ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយបានសម្រេចសេចក្តីឱ្យ ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) សងប្រាក់ចំនួន USD ៤.៤៧៩.២០០ (បួនលានបួនសែនប្រាំពីរម៉ឺនប្រាំបួនពាន់ពីររយដុល្លារអាមេរិក) រួមទាំងការប្រាក់ សំណងជម្ងឺចិត្តមួយចំនួនដល់ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) ។

* ករណីកិច្ចព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រវាង ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) និង ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) លើផ្ទៃដីទំហំ ២.៥០០ (ពីរពាន់ប្រាំរយ) ហិកតា ត្រូវបាន ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ប្រែក្រឡាស់នៅពេលដែលក្រុមហ៊ុនមួយនេះមានវិវាទផ្ទៃក្នុង និងចេតនាធ្វើឱ្យប៉ះពាល់ដល់ដំណើរការវិនិយោគ និងអភិវឌ្ឍ របស់ ក្រុមហ៊ុន
ស៊ីប៊ីអេ (CBA)។ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន រួមទាំងកម្មករនិយោជិតជាងមួយពាន់នាក់ ដែលកំពុងបម្រើការងារក្នុងកសិដ្ឋានចំការចេក ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) បានសម្រេចដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ប្តឹង ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ឱ្យអនុវត្តកាតព្វកិច្ចនៅក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការដាំដំណាំចេក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ រួមទាំងទាមទារសំណងនៃការខូចខាត និងសំណងជម្ងឺចិត្តមួយចំនួនផងដែរ។ សំណុំរឿងនេះ ត្រូវបានសាលាដំបូងខេត្តក្រចេះចុះក្នុងបញ្ជីសំណុំរឿងលេខ ១២៤ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដោយបានដំណើរការនីតិវិធី ប៉ុន្ដែក្រោយមកសំណុំរឿងនេះ ត្រូវបានសាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តក្រចេះ មកសាលាដំបូងរាជធានីភ្នំពេញវិញ។ បច្ចុប្បន្នសំណុំរឿងនេះ បានចុះក្នុងបញ្ជីសំណុំរឿងលេខ ១២៦០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ និងកំពុងស្ថិតក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ។

សូមបញ្ជាក់ជូនបន្ថែមផងដែរថា ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) គឺជាក្រុមហ៊ុនវិនិយោគលើវិស័យកសិឧស្សាហកម្ម ដោយផ្តោតសំខាន់លើការដាំដុះ និងនាំចេញផ្លែចេកអំបូងលឿងទៅកាន់បរទេស។ តាមរយៈការវិនិយោគរបស់ ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) បានបង្កើត និងផ្តល់ឱកាសការងារជាងមួយពាន់កន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាចបំពេញការងារជាលក្ខណៈគ្រួសារ (ឪពុកម្តាយ កូន ប្តីប្រពន្ធ ធ្វើការជុំគ្នា) ទទួលបានប្រាក់ចំណូលខ្ពស់ រួមទាំងផ្តល់នូវទីកន្លែងស្នាក់នៅ អាហារ និងមានការគិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ (កម្មករនិយោជិត) តាមរយៈការបង់វិភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនផងដែរ ការណ៍នេះ បានផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋដោយមិនចាំបាច់ធ្វើចំណាកស្រុក ដើម្បីប្រកបរបររកស៊ីនោះឡើយ។

តាមរយៈការបំភ្លឺ ដោយមានបញ្ជាក់នូវព័ត៌មានពិតប្រាកដ និងជាក់លាក់ ដូចរៀបរាប់ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) គឺជាក្រុមហ៊ុនវិនិយោគស្របច្បាប់ ធ្វើប្រតិបត្តិការអាជីវកម្មដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់បទបញ្ញត្តិទាំងឡាយជាធរមាន ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ និងការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ដែលផ្ទុយពីការចោទប្រកាន់នានា ជាពិសេសការចោទប្រកាន់ទាំងឡាយ ដូចមានក្នុងសេចក្តីជូនដំណឹងជាសាធារណៈរបស់ ក្រុមហ៊ុន ហ្គ្រីន អាយលែន (GREEN ISLAND) ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ក្រុមហ៊ុន ស៊ីប៊ីអេ (CBA) រក្សាសិទ្ធិការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន តាមរយៈការចាត់វិធានការសមស្របតាមផ្លូវច្បាប់ ប្រឆាំងនឹងរាល់បុគ្គលទាំងឡាយណា ដែលមានចេតនាបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស ញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ក្រុមហ៊ុន៕