(កំពត)៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាសក្រួសក្រហមប្រវែង ២ ៣០០ម៉ែត្រ នៅឃុំអង្គភ្នំតូច និងផ្លូវក្រាសក្រួសក្រហមប្រវែង ៦០០ម៉ែត្រ នៅឃុំអង្គរជ័យ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមអធិបតីភាពលោក ហ៊ុន សុខា ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក វ៉ាន់ ដារា អ្នកតំណាងរាស្ត្រមណ្ឌលកំពត។

ក្នុងពិធីបើកការដ្ឋាន និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះ បានធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក ឡេង សុវណ្ណារ៉ា ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកស្រី អ៊ុច ពៅ ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកស្រី ភុំ ផាន់ណាវី ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោក ឱម ម៉ាក់ធារី ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត លោកមួង នឿន អភិបាលរស្រុកអង្គរជ័យ ព្រមទាំង លោក លោកស្រី គណៈប្រតិភូអមដំណើរ មន្ត្រីជុំវិញស្រុក និងប្រជាពលរដ្ឋចំនួន ១ ៧១០នាក់។

ជាកិច្ចចាប់ដើមកម្មវិធីលោក មួង នឿន អភិបាលស្រុកអង្គរជ័យ បានថ្លែងស្វាគមន៍គណៈអធិបតី និងសំណេះសំណាលប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីសម្ពោធ និងចេញសារផ្តាំផ្ញើដល់ប្រជាពលរដ្ឋ កុំជឿពួកញុះញង់ ក្រុមប្រឆាំងជ្រុលនិយម និងរួមគ្នាធ្វើអនុវត្តកាតព្វកិច្ចជាពលរដ្ឋល្អ គឺជួយគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍសង្គមជាតិយើង។

ក្នុងឱកាសនោះផងដែរ លោក វ៉ាន់ ដារ៉ា បានពន្យល់ប្រជាពលរដ្ឋឱ្យបានកាន់តែដឹងច្បាស់អំពីតួនាទី ភារកិច្ចរបស់អ្នកតំណាងរាស្ត្រ ដែលប្រជាជនពេលខ្លះមិនសូវបានជួប និងមិនស្គាល់ច្បាស់ និងណែនាំឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមានតែការអភិវឌ្ឍលើគ្រប់វិស័យ និងមានការខិតខំប្រឹងប្រែងទៅមុខជានិច្ច ដើម្បីបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិឱ្យមានការអភិវឌ្ឍជានិច្ច។

មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ លោក ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រជាពលរដ្ឋ ពោលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច បច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ បាននិងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងស្រុកអង្គរជ័យទាំងនៅទីប្រជុំជន និងនៅជនបទ អោយកាន់តែស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។

លោកបានបន្តថា ផ្លូវនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរទៅមក ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ជាចុងបញ្ចប់លោក ហ៊ុន សុខា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយជូនតាមរយៈ លោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលោក ហ៊ុន សុខា រួមមាន៖

* ផ្លូវក្រាលក្រួសក្រហមប្រវែង២៣០០ម៉ែត្រ នៅត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត
* ផ្លូវក្រាលក្រួសក្រហមប្រវែង ៦០០ម៉ែត្រ នៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត
* វិទ្យុទាក់ទងប្រើស៊ីម ចំនួន ១២៤គ្រឿង
* កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង
* កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង
* ម៉ាស៊ីនព្រីនធ័រ ចំនួន ០៦គ្រឿង
* រោងដាក់ម៉ូតូ ចំនួន ០២កន្លែង
* បង្គន់អនាម័យ ចំនួន ០១បន្ទប់
* ទ្វាររបងគណបក្សឃុំ ចំនួន ០១កន្លែង
* ឯកសណ្ឋានប្រជាការពារ ចំនួន ១៣០កំប្លេ
* ជូនប្រជាពលរដ្ឋ កងម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សរុបចំនួន ១៧១០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន ១សារ៉ុង និងថវិកា ១ម៉ឺនរៀល។

ប្រជាពលរដ្ឋ បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណ សម្តេចទាំងទ្វេ នៅពេលដែលទទួលបាននូវផ្លូវក្រាលក្រួសក្រហម និងផ្លូវវាងថ្មីក្រាលក្រួសក្រហម និងសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យមានភាពរីកចម្រើន និងងាយស្រួលដល់ការដឹកជញ្ជូន ធ្វើដំណើរ ដោយសុវត្ថិភាព និងងាយស្រួល មិនលំបាកដូចជាពេលមុន៕