(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលរយៈពេល ២ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសរុប ១១០គម្រោង។

លោក ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោក និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន (The 29th Cambodia-Japan Joint Committee Meeting) ដោយមានការចូលរួមពីអ្នកតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុនអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា​ជាច្រើនរូបផងដែរ។

កិច្ចប្រជុំលើកទី២៩ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នាឱកាសនេះបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានព្រាងទុក ដោយអង្គប្រជុំបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុល រួមមានជាអាទិ៍៖ (១)ការគ្រប់គ្រងបទប្បញ្ញត្តិបរិស្ថាន, (២)កិច្ចការរដ្ឋបាលនិងធនធានមនុស្ស នៅតាមសហគ្រាស/គ្រឹះស្ថាន, (៣)វិស័យពន្ធដារ, (៤) វិស័យពាណិជ្ជកម្ម, (៥)វិស័យភស្តុភារកម្ម, (៦) ការផ្គត់ផ្គង់ថាមពល និងផ្សេងៗ។

នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា « កំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័តនៃប្រវត្តិប្រតិបត្តិការការងារ​របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កន្លងមក រួមមាន៖ គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង (តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា៣០ឆ្នាំ) និងគម្រោងវិនិយោគដែល​បានអនុម័ត​ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០គម្រោងផងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា តួលេខទាំងនេះជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

នាឱកាសនោះដែរលោក UENO Atsushi បានបង្ហាញចំណាប់អារម្មណ៍ក្នុងនាមជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនលើកទី២៩ នេះថា លោកពិតជាមានអារម្មណ៍កក់ក្តៅ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់កម្រិត មកលើវិស័យឯកជន។

តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក៏ដូចជាវេទិកានានា បានផ្តល់នូវឱកាសឱ្យវិនិយោគិនបានលើកឡើងពីបញ្ហាប្រឈម និងទទួលបានដំណោះសមស្របដែលធ្វើឱ្យពួកគេកាន់មានភាពទុកចិត្ត​ក្នុងការបន្តវិនិយោគ និងផ្សព្វផ្សាយទៅក្នុងសហគមន៍ធុរកិច្ចរបស់ពួកគេផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក FUJIOKA Ryosuke ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន(METI) និងជា អគ្គលេខាធិការនៃគណៈកម្មាធិការ​សម្រាប់កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងឧស្សាហកម្ម រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន (AMEICC) បានធ្វើបទបង្ហាញអំពីរបាយការណ៍បញ្ចប់គម្រោងសិក្សាស្រាវជ្រាអំពី «ការបង្កើតកិច្ចសហការសេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុននៅកម្ពុជាប្រកបដោយចីរភាព» ។

មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវចូលរួមពិនិត្យដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមនានា​ដែលស្ថាប័នឯកជន​បានស្នើឡើងឱ្យបានទាន់ពេលវេលា ប្រកបដោយឆន្ទៈខ្ពស់ ដើម្បីជំរុញឱ្យការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជាបានកាន់តែច្រើនឡើងបន្ថែមទៀត។

គួររម្លឹកដែរថា៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ជាកិច្ចប្រជុំទ្វេភាគី ដែលជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដោយបានផ្តល់ឱកាសឱ្យអ្នកវិនិយោគជប៉ុន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ​ដោយផ្ទាល់ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា។ តាមរយៈការចុះហត្ថលេខារវាង សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ កិច្ចប្រជុំទ្វេភាគីនេះ​ក៏ត្រូវបានបរៀបចំឡើង​ចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន៕