(ភ្នំពេញ)៖ និស្សិតចំនួន១០នាក់ ក្នុងចំណោមនិស្សិតក្នុងបញ្ជីជម្រុះចំនួន៣០ នាក់ទទួលបានអាហារូបករណ៍ SmartEdu​ ដែលនឹងជួយផ្គត់ផ្គង់ ថ្លៃសិក្សា​​នៅមហាវិទ្យាល័យ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត ដែលសរុបជាទឹកប្រាក់រួម គឺមានចំនួនរហូតដល់ទៅ១៥.០០០ដុល្លារ សម្រាប់ចំណាយ​អំឡុងពេលសិក្សានៅមហាវិទ្យាល័យ ។

លោក ថូម៉ាស ហ៊ុន អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទឈានមុខគេនៅកម្ពុជា បានថ្លែងថា «កម្មវិធីអាហារូបករណ៍ SmartEdu គឺជាសមាសធាតុដ៏សំខាន់នៅក្នុងកម្មវិធីទទួលខុសត្រូវការងារសង្គម លើផ្នែកអប់រំរបស់ក្រុមហ៊ុនSmart ព្រោះយើងមានបំណងបង្កើតភាពវិជ្ជមាន​ដល់យុវជនរបស់កម្ពុជា ហើយការផ្ដល់នូវមធ្យោបាយដល់ពួកគេ​ដើម្បីមានឥទ្ធិពល​លើអនាគត​របស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់​សម្រាប់ប្រទេសជាតិ»

លោកបន្ដថា «សម្រាប់ក្រុមហ៊ុន Smart យើងមានកិត្តិយស ដែលបានគាំទ្រដល់សិស្សានុសិស្សទាំងអស់នេះ នៅពេលដែលពួកគេ​ឈានទៅ​ថ្នាក់ឧត្តមសិក្សា​របស់ខ្លួន តាមរយៈការសិក្សារបស់ពួកគេ បានបង្ហាញនូវជំនាញគំរូ និងការប្ដេជ្ញាចិត្ត​ក្នុងការធ្វើឲ្យការសិក្សា​របស់ពួកគេ​បានល្អប្រសើរបំផុត  ហើយសង្ឃឹមថា អាហារូបករណ៍នេះ នឹងជំរុញកម្លាំងចិត្តរបស់ពួកគេបន្ថែមទៀត ដើម្បីសម្រេចបាន​ជោគជ័យ​កាន់តែខ្ពស់ថែមទៀត»

រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានថ្លែងផងដែរថា មានសិស្សវិទ្យាល័យជាច្រើនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ប៉ុន្តែមិនមាន​មធ្យោបាយផ្នែកហិរញ្ញវត្ថុ ។ ក្រសួងអប់រំ យុវជន និងកីឡា តែងមានភាពរីករាយនៅពេល ដែលក្រុមហ៊ុននានា ដូចជា Smart Axiata ជាដើម ដែលបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមក្នុងការផ្ដល់ឱកាសដ៏ប្រពៃដល់សិស្សវិទ្យាល័យដែលមានការតាំងចិត្ត តាមរយៈអាហារូបករណ៍​ប្រកបដោយភាពសប្បុរស ដែលអនុញ្ញាតឲ្យសិស្សានុសិស្សទាំងនោះ អាចឈានទៅសម្រេចបាននៅគោលដៅ និងសុបិនរបស់ខ្លួន ។

លោករដ្ឋមន្ដ្រី បន្ដថា «ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Smart ដែលជួយធ្វើឲ្យសុបិនរបស់ពួកគេក្លាយជាការពិត ហើយក៏សូមជូនពរ​ដល់ជយលាភីទាំង ១០ រូប នូវភាពជោគជ័យក្នុងការសិក្សាទៅថ្ងៃអនាគត ហើយសង្ឃឹមថា ពួកគេនឹងប្រើប្រាស់ឱកាសនេះដើម្បីក្លាយ
ជាអនាគតអ្នកជំនាញលើមុខវិជ្ជាដែលគេសិក្សាផងដែរ»
ព្រមជាមួយគ្នានោះ បន្ទាប់ពីចំណាយពេល២ថ្ងៃ ក្នុងវគ្គសម្ភាសន៍ចុងក្រោយ ជយលាភីឈ្នះអាហរូបករណ៍ SmartEdu Scholarship ២០១៦ ចំនួន១០នាក់នោះ មានយុវជនម្នាក់ក្នុងចំណោមយុវជនទាំង១០នាក់នោះ ឈ្មោះហ៊ុន ណាវីត អាយុ១៨ឆ្នាំ ជាសិស្សមកពីវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានទទួលនិទ្ទេស A ពីការប្រឡងនោះ  បានលើកឡើងថា «ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលប្រជែង យករង្វាន់ដ៏សម្បើមនេះ ព្រោះសម្រាប់អាហារូបករណ៍បន្តការសិក្សានេះ ខ្ញុំនឹងមានការងារធ្វើ ដើម្បីជួយជ្រោមជ្រែងគ្រួសារខ្ញុំ»

គួរបញ្ជាក់ថា សម្រាប់អាហារូបករណ៍SmartEdu ចំនួន២០បន្ថែមទៀត នឹងត្រូវប្រគល់ជូនដល់និស្សិតឆ្នើម សម្រាប់រយៈពេលពីរឆ្នាំក្រោយទៀត ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Smart និងក្រសួងអប់រំយុវជន និងកីឡា ដែលបានព្រមព្រៀងកាលពីខែសីហាឆ្នាំនេះ ។

ក្រុមហ៊ុន Smart មានកម្មវិធីជាច្រើន ដែលរៀបចំឡើងដើម្បីផ្ដល់ការអប់រំ និងអក្ខរភាពជាមូលដ្ឋានដល់យុវជន និងដើម្បី ពន្លឿន ការសាយភាយនៃអក្ខរភាពផ្នែកឌីជីថល និង ICT ដើម្បីលើកកម្ពស់ការអប់រំប្រកបដោយចីរភាព និងគាំទ្រដល់ការយល់ដឹងផ្នែកវប្បធម៌ជាតិ ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart www.facebook.com/SmartAxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕