(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរជនតាមរយៈ អនុសាខាស្រុកផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ និងពលរដ្ឋ២៧នាក់ (ស្រី១២នាក់) រស់ភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នាឱកាសនោះលោក ញឹក សារ៉ែន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ លោកប្រធានអនុសាខាស្រុក ក៏សូមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។
អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រីទឹកស៊ីអីវ ១យួរ ប្រេងកូឡា ១ដប បន្ថែមពីនោះលោកប្រធានគណៈកម្មាធិការអនុសាខា បានឧបត្ថម្ភថវិកា ចំនួន ១៥០,០០០រៀល ដល់គ្រួសារដែលមានកូនតូច ចំនួន ១គ្រួសារ ផងដែរ៕