(ភ្នំពេញ)៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទេសចរណ៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង កម្ពុជាជាមួយអង្គការទេសចរណ៍សហប្រជាជាតិ និងស្នើ UN Tourism ជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅលើឆាកអន្តរជាតិ។

ការជួបពិភាក្សាការងារនេះ ធ្វើឡើងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល លោក ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 ដែលធ្វើឡើងរយៈពេល២ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin នៃទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សូមជម្រាបថា UN Tourism មានបណ្តាញសមាជិក និងដៃគូដ៏មានឥទ្ធិពល ដែលអាចជួយលើកកម្ពស់ការយល់ដឹង និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសស្នើ UN Tourism ចែករំលែកទិន្នន័យទាក់ទងទៅនឹងនិន្នាការទេសចរណ៍ តម្រូវការទីផ្សារ និងចំណង់ចំណូលចិត្តរបស់អ្នកទស្សនា ព្រមទាំងស្នើសុំ UN Tourism ចែករំលែកបទពិសោធ និងគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានជាគោលការណ៍ណែនាំស្តីពី “ភូមិទេសចរណ៍គំរូ (Best Tourism Village)" នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីចូលរួមធ្វើពិពិធកម្មផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែប ជាពិសេសនៅតាមតំបន់ជនបទ ឬដាច់ស្រយាល៕