(កណ្ដាល)៖ ឡានដឹកដីខ្នាតយក្ស២គ្រឿង បានបើកបុកគ្នាលើផ្លូវជាតិលេខ១១០ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។លោកវរសេនីយ៍ឯក​ ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក FUZU ពណ៌ត្រាវ លាយស ចង្កូតស្តាំ LDL-0515 បើកបរទិសដៅពីលិចទៅកើត (ភ្នំពេញ-ស្អាង) បើកបរដោយឈ្មោះ យិន រតនៈ អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត មានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង្ស ពេលមកដល់ចំណុចកើតហេតុ ដោយមានរោងការធ្វើលើផ្លូវផងនោះ ក៏មានរថយន្តដឹកដីមួយគ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3E 3471បើកបរទិសដៅផ្ទុយគ្នាពីកើតទៅលិច (ស្អាង-ភ្នំពេញ) ក៏បានបុកបណ្តាលឲ្យរថយន្តរងការខូចខាតអ្នកបើកបររត់គេចខ្លួនបាត់ តែមិនបណ្តាលឲ្យមានអ្នករបួសឡើយ តែធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ផ្ទះ ប្រជាពលរដ្ផដែលលក់ដូរនៅក្បែរចិញ្ចើមផ្លូវ។

លោកបន្តថា «រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំងប៉ុស្តិ៍ឈើទាលសហការជាមួយកម្លាំងជុំនាញចរាចរណ៍ ចុះវាស់វែងយកទៅរក្សាទុកនៅអធិការស្រុក ដើម្បីអនុវត្តតាមនីតិវិធី»
ទោះយ៉ាងណា លោកអធិការ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលមានគម្រោងសង់រោងការនៅលើផ្លូវជាតិ សូមមានទំនាក់ទំនងមកកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីដាក់កម្លាំងការពារ ធ្វើចរាចរណ៍ឲ្យបានត្រឹមត្រូវ ព្រោះបើគ្មាន អ្នកសម្រួលចរចណ៍ទេនោះ ហេតុការណ៍អាក្រក់ៗ អាចកើតឡើងជាយថាហេតុដូចករណីនេះអីចឹង។

លោកថា សំណាងហើយដែលឡានមិនរេចង្កូតចូលរោងការ បើសិនជារេចូលរោងការវិញ អ្នកនៅក្នុងរោងច្បាស់ជាមិនអាចគេចរួចឡើយជួនកាលអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏អាចថាបានដែរ៕