(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤»

ថ្លែងក្នុងឱកាសនោះ លោក ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ បានគូសបញ្ជាក់ពីសាវតារ នៃកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលត្រូវបានដាក់ឲ្យអនុវត្តការប្រកួតប្រជែង ក្នុងគោលដៅដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរ ពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍន៍សាលារៀន និងមន្ទីរពេទ្យនៅតាមមូលដ្ឋាន។

លោករដ្ឋលេខាធិការ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃចាប់ផ្តើមនៃការចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលផ្តោតលើកម្រិត វិទ្យាល័យ និងសាលាមត្តេយ្យសិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមន្ទីរពេទ្យបង្អែក ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។

លោក ឆាយ ឆត្រាវុធ បានបញ្ជាក់ថា ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាពដែលមានលក្ខណៈសម្បត្តិឆ្លើយតបទៅនឹងសូចនាករជាអតិបរមា ដែលបានកំណត់ នៅក្នុងលក្ខណៈវិនិច្ឆ័យគោលរងនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ និងច្រើនដំណាក់កាល មានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ៕