(ភ្នំពេញ)៖ ភាពស្អាតរបស់កម្ពុជាកំពុងរីកសាយភាយទៅដល់មូលដ្ឋាន ក្នុងនោះយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» បានកំពុងអនុវត្តជាបណ្តើរៗនៅតាមមូលដ្ឋាន នៃរដ្ឋបាលរាជធានីនិងខេត្តមួយចំនួន ជាបណ្តើរៗស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះសសរស្តម្ភទី១ ផ្តោតលើ «ភាពស្អាត»។
កាលពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មការសម្អាតសំរាម សំណល់ប្លាស្ទិកនៅតាមផ្លូវជាតិ និងផ្លូវខេត្ត ក្នុងគោលបំណងជំរុញការអនុវត្ត «ផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិក រាយប៉ាយ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ»។
សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញថាលោក អ៊ុំ រាត្រី អភិបាលខេត្តជាប្រធានដឹកនាំគណៈកម្មការនេះ ដើម្បីរៀបចំបង្កើតផែនការសំងាតផ្លូវជាតិ ផ្លូវខេត្តឱ្យច្បាស់លាស់ និងចលនាដល់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ សាលារៀន វត្តអារាម មន្ទីរពេទ្យ អង្គការ សង្គមស៊ីវិល ដៃគូសហការ ផ្នែកឯកជន និងសហគមន៍ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យចូលរួមធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវខេត្ត និងនៅតាមមូលដ្ឋាន ជាប្រចាំតាមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក»។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញសកម្មភាព «ការសម្អាតដងផ្លូវជាតិអនុវត្តសកម្មភាពគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា និងជំរុញការចូលរួមសកម្មភាព យ៉ាងផុសផុលពីប្រជាពលរដ្ឋ ធ្វើការសំអាតតាមមូលដ្ឋាណតាមផ្លូវជាតិ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជាមូលដ្ឋានស្អាត ផ្លូវជាតិ និងផ្លូវនៅក្នុងខេត្តមានភាពស្អាត និងមានការអភិវឌ្ឍដោយចីរភាព។ កន្លងមករដ្ឋបាលខេត្តមួយចំនួនបានដាក់ចេញការចូលរួម ប្តេជ្ញាចិត្ត ងនុវត្តយុទ្ធនាការជាជំហានជំហានដែលធ្វើឱ្យបាននូវភាពស្អាតរបស់កម្ពុជា មិនត្រឹមតែបានបណ្តុះគំនិតស្អាត ធ្វើឱ្យមូលដ្ឋានស្អាត និងក្នុងសង្គមថែមទៀត។
លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្តនិងជំរុញកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់ ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដើម្បីធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បី «រៀបចំសម្អាតផ្ទះយើងឱ្យស្អាត» ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិបន្ថែមទៀត។
លោករដ្ឋមន្រ្តីបានថ្លែងថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក។ ភាពស្អាតដែលបានក្លាយពីការបេ្តជ្ញាចិត្ត ហើយបានកំពុងមានការចូលរួមជាសកម្មភាព យ៉ាងផុសផុលពីប្រជាជនកម្ពុជា ជាពិសេសយុវជនកម្ពុជា នាពេលបច្ចុប្បន្ន ឈានឆ្ពោះទៅជាចលនាចូលរួម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមបានត្រឹមត្រូវជាបណ្តើរៗ ឆ្ពោះទៅមានទម្លាប់ ដើម្បីកម្ពុជាមានភាពស្អាត ការអភិវឌ្ឍដោយចីរភាព។
សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ក្រុង ស្រុក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរៀបចំធុងដាក់សំរាម ផ្តល់ជូនដល់រដ្ឋបាលក្រុង ស្រុក សម្រាប់ចែកជូនដល់គ្រប់គ្រឹះស្ថានសិក្សា មូលដ្ឋានសុខាភិបាល វត្តអារាម រដ្ឋបាលឃុំ-សង្កាត់ ម្តងមួយខេត្តៗ ដោយចេញពីខេត្តត្បូងឃ្មុំ និងជា បន្តបន្ទាប់ទៅកាន់មូលដ្ឋានស្រុក ក្រុង ទូទាំងប្រទេស។
ជាមួយគ្នានេះក្រសួងបរិស្ថានបាន ផ្តួចផ្តើមឱ្យមានការរៀបចំ «ធនាគារប្លាស្ទិក» ដែលជាយន្តការទាញយកប្រយោជន៍ពីសំណល់ប្លាស្ទិកដែលបានញែក និងទុកដាក់នៅក្នុងធុងសំរាម ដែលបានបំពាក់ សម្រាប់ការជួយឧបត្ថម្ភ ដល់សិស្សានុសិស្សមានជីវភាពខ្វះខាតនៅតាមបណ្តាសាលារៀន និងមូលដ្ឋានផ្ទាល់។
លើសពីនេះ ក្រសួងក៏កំពុងពិនិត្យលើការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ដោយពង្រឹងយន្តការគ្រប់គ្រងទីលានចាក់សំរាម ការសិក្សាពីគម្រោងឡដុតសំរាមដើដោយថាមពលព្រះអាទិត្យ ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវ «ភាពស្អាត» ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពសំខាន់ៗ របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញយុទ្ធនាការមួយចំនួនដូចជា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បន្ទាប់មកមានយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង«ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» ជាដើម៕