(ភ្នំពេញ)៖ គ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករនៅតាមផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បណ្តាលឲ្យកម្មករ កម្មការិនី ២០នាក់របួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ ២នាក់ និង១០នាក់ផ្សេងទៀត បានរងរបួសស្រាល។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចប្រាប់អ្នកយកព័ត៌មាន Fresh News នៅកន្លែងកើតហេតុ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តកូរ៉េ ដែលដឹកកម្មករប្រមាណ ៦០នាក់ បានព្យាយាមបើកជែងម៉ូតូកង់បី ក្នុងល្បឿនលឿននោះ ក៏បណ្តាលឲ្យរថយន្តក្រឡាប់ចាក់កម្មករនៅលើផ្លូវតែម្តង។
ក្រុមកម្មករត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុអះអាងថា ពួកគេរស់នៅព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បម្រើការនៅរោងចក្រ៦ជាន់ ឈ្មោះ U.D.S ស្ថិតនៅស្ពានទី៦។
បើទោះបីជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗកងកម្លាំងសមត្ថកិច្ច បានញាប់ដៃញាប់ជើងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យអស់ហើយ ដើម្បីជួយសង្រ្គោះ។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោងប្រមាណ ៦៖៣០នាទី ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ស្ពានទី៩។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ ក៏មានហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនៅឯខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បណ្តាលឲ្យកម្មកររបួសធ្ងន់ស្រាល ៣០នាក់ផងដែរ៕