(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយស្ដ្រីមានពិការភាពភ្នែក និងកាយសម្បទាជាង៣៥០នាក់ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រីគ្រប់រូប»។
ថ្លែងទៅកាន់អង្គពិធី, លោករដ្ឋមន្ដ្រី បានកោតសរសើរ និងគាំទ្រក្រសួងកិច្ចការនារី ដែលបានជ្រើសរើសយកប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ដ្រី និងក្មេងស្រីគ្រប់រូប» ដែលពិតជាឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ដែលយើងបាននិងកំពុងផ្ដល់នូវគុណតម្លៃ លើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ស្ដ្រីជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។
លោក បានបន្តថា ស្ដ្រីបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសាធារណៈ នយោបាយ សេដ្ឋកិច្ច និងសង្គម ជាពិសេសស្ដ្រី និងក្មេងស្រីមានពិការភាពក៏ទទួលបានការអនុវត្ដនូវសិទ្ធិយ៉ាងពេញលេញ និងការអនុលោមក្នុងការអភិវឌ្ឍចំណេះដឹង និងជំនាញបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន, ចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមប្រកបដោយសមភាព និងសមធម៌ ស្របតាមបរិបទសម័យកាលបរិវត្ដកម្មឌីជីថល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ជនមានពិការភាពរួមទាំងស្ត្រីមានពិការភាព ទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាផ្សេងៗ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទ ជូនជនមានពិការភាពចំនួន ៨៧,៣៦៤នាក់ ក្នុងនោះសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៣៨,៥៧០នាក់ និងស្តារវេជ្ជសាស្ត្រចំនួន ៤៨,៧៩៤នាក់ ជនមានពិការភាព ចំនួន ២៥,០៤៤នាក់ ទទួលបានផលពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ៕