(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី កាលពីថ្ងៃអាទិត្យ បានបង្ហាញពីភាពសប្បាយរីករាយ ដោយសារតែគម្រោងបើកឱ្យដំណើរផ្លូវថ្មើរជើងនេះ ទទួលបានជោគជ័យ ដោយមានការចូលរួម របស់ប្រជាពលរដ្ឋ មកពីក្រៅតំបន់ប្រហែល ៤ទៅ ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ បានមកដើរលេងកំសាន្តសប្បាយ។
ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពផ្លូវថ្មើរជើង «Walk Street» មាត់ទន្លេនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យរាជធានីខេត្តទាំងអស់ បង្កើតនូវសមទ្ធិផលផ្សេងៗ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម លក់ដូរក្នុងមូលដ្ឋានរបស់ខ្លួននេះ មានជីវភាពល្អប្រសើរ។ ដូច្នេះហើយ ទើបរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេច យើងក៏បានរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះឡើង ដើម្បីទាក់ទាញទេសចរណ៍។
លោក ឃួង ស្រេង បានរំលឹកថា កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅចុងអាណត្តិទី៦ បានណែនាំថា នៅភ្នំពេញត្រូវរៀបចំព្រឹត្តិការណ៍ធ្វើផ្សាររាត្រី ក៏ដូចជាផ្លូវថ្មើរជើង ធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរណ៍ ដែលវាជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពស៊ីវីល័យ ឱ្យពួកគាត់ប្តូរឥរិយាបទ ពីធ្វើដំណើរដោយរថយន្ត ដោយយានយន្ត ត្រីចក្រយាន។ល។ មកធ្វើដំណើរដោយថ្មើរជើង។
លោកថា «ការធ្វើដំណើរថ្មើរជើង វាជាប្រយោជន៍ច្រើន ក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិ និងសុខមាភាពផ្ទាល់ខ្លួនរបស់ពួកគាត់។ សុខមាភាពប្រជាពលរដ្ឋ គឺជាសុខមាភាពរបស់ថ្នាក់ដឹកនាំ ហេតុដូច្នេះហើយ ទើបសម្តេចមហាបវរធិបតី ជំរុញឱ្យរាជធានី-ខេត្តទាំងអស់ ឱ្យរៀបចំព្រឹត្តិការណ៍ផ្លូវថ្មើរជើងនេះ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ហើយវាក៏ជាជំនួយដល់សុខមាភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ»។
ក្នុងរាជធានីភ្នំពេញ តម្រូវការមួយដែលយើងចង់បាននោះ គឺការប្តូរឥរិយាបទប្រជាពលរដ្ឋ ពីការធ្វើដំណើរ ដោយរថយន្តឯកជន វិលត្រឡប់មកធ្វើដំណើរដោយមធ្យោបាយរួម ឬក៏ធ្វើដំណើរតាមរយៈថ្មើរជើង។ តាមរយៈការធ្វើ ដំណើរថ្មើរជើង ពួកគាត់នឹងទទួលបានសុខភាព មិនប៉ះពាល់ដល់លំហូរចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលកំពុងតែកកស្ទះចរាចណ៍ដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង។
លោកបន្តថា «ការរៀបចំបង្កើតនូវផ្លូវថ្មើរជើង (Walk Street) នេះយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ពោលគឺនៅថ្ងៃដែលយើងបើកដំបូង ថ្ងៃទី១ ខែកុម្ភៈ គឹប្រជាពលរដ្ឋរស់នៅក្នុងតំបន់ បានយកយានយន្តរបស់គាត់ ចេញទៅខាងក្រៅ ផ្ញើនៅខាងក្រៅ ដោយទុកឱកាសឱ្យ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ចូលរួមដំណើរកម្សាន្ត»។
អភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្រៅតំបន់ គឺប្រហែលជាចំនួន ៤ ទៅ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដោយបានបង្ហាញពីភាពសប្បាយរីករាយ នៅក្នុងការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី។
សម្តេចធិបតីបានណែនាំឱ្យអាជ្ញាធរធ្វើយ៉ាងណា ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរឱ្យបានល្អ។ គិតដល់ថ្ងៃនេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែគត់ តែចំពោះសន្តិសុខ សុវត្ថិភាព គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។
លោក ឃួង ស្រេង បានបញ្ជាក់ថា នៅថ្ងៃដំបូង ថ្វីបើមានការចូលរួម ពីសំណាក់អាជីវករ និងប្រជាពលរដ្ឋច្រើន ប៉ុន្តែក៏មានអាជីវករលក់ដូរខ្លះព្រួយបារម្ភ ដោយពួកគាត់គិតថា ការបិទផ្លូវទៅប្រហែលជាដាច់ភ្ញៀវរបស់គាត់។ ការបិទថ្ងៃដំបូង ភ្ញៀវរបស់គាត់ អត់ចូលហាងមែន តែដល់សប្តាហ៍ទី២ ភ្ញៀវទេសចរ បានចូលទៅហាងគាត់ពេញៗ គាត់លែងព្រួយបារម្ភ គាត់សប្បាយរីករាយណាស់ ដោយពួកគាត់លក់ដាច់ ហើយប្រើប្រាស់រយៈពេលខ្លី។ កិច្ចការងារនេះ យើងបានទាំងសុខមាភាពប្រជាពលរដ្ឋ បានទាំងតម្រូវចិត្តដល់ប្រជាពលរដ្ឋ ទូទៅក្នុងរាជធានីភ្នំពេញ និងខេត្តទាំង២៤ ក៏ដូចជាភ្ញៀវទេសចរ ព្រមទាំងអាជីវកក្នុងតំបន់នេះ។
លោក ឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានី បាននិងកំពុងរៀបចំជាបណ្តើរៗថែមទៀត ដោយយើងរៀបចំសិល្បៈវប្បធម៌ ដែលជាប្រពៃណីជាតិយើង ដើម្បីបង្ហាញអំពីស្នាដៃ និងវប្បធម៌ដ៏ល្អផូរផង់ របស់ដូនតាយើង ដែលបន្សល់ទុកឱ្យយើង មកបង្ហាញដល់យុវជនជំនាន់ក្រោយ អំពីវប្បធម៌របស់យើង ដូចជាល្ខោនបាសាក់ ចាប៉ីដងវែង ចម្រៀងអាយៃ ដែលយើងនឹងខិតខំប្រឹងប្រែងទាក់ទាញដល់អ្នកសិល្បករ ឱ្យមកសម្តែង បង្ហាញនូវសមត្ថភាពរបស់គាត់ជូនដល់ទស្សនិកជន។ មានទាំងសៀករហ័សកម្ម របស់ជនបរទេស ដែលមិនមានការគ្រោងទុក បានមកលេងជាមួយនិង ប្រជាពលរដ្ឋឈរមើលច្រើនកុះករ។ បន្ថែមពីនេះយើងនឹងរៀបចំឱ្យ មានការលក់ដូរ ម្ហូបចំណី បង្អែមប្រពៃណីជាតិ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញដល់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យរៀបចំផ្លូវថ្មើរជើង ក្រោយរៀបចំបានចប់សព្វគ្រប់ យើងនឹងរៀបចំសម្ពោធ និងប្រសិទ្ធនាមផ្លូវថ្មើរជើងរបស់យើង ជូនដល់ប្រជាពលដ្ឋយើងឱ្យបានហៅដូចគ្នា។ អាជ្ញាធររាជធានីភ្នំពេញ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះបន្តទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានច្រើនលើសលប់ ដោយធានាឱ្យបានសុវត្ថិភាពជូនទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាមុខរបរអាជីវកម្មរបស់បងប្អូននៅក្នុងតំបន់ ឱ្យទទួលបានជោគជ័យ មានជីវភាពកើនឡើងជាលំដាប់៕