(ត្បូងឃ្មុំ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ក្នុងនាមអ្នកនាំពាក្យ ត្រូវនិយាយការពិត ដើម្បីការពារ នោះគឺការពាររាជរដ្ឋាភិបាល ពីក្រុមប្រឆាំងបំផ្លើសបំភ្លៃមួលបង្កាច់ ដោយចូលរួមឱ្យបានសកម្ម រហ័សក្នុងការប្រតិកម្មឆ្លើយតបចំពោះ ប្រភេទព័ត៌មានបំផ្លើស បំភ្លៃ ដោយត្រូវបំភ្លឺ និង ចំពោះព័ត៌មានប្រឌិត ត្រូវយកព័ត៌មានពិត ទៅបន្សាប។

លោក ប៉ែន បូណា ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រុមការងារថ្នាក់ជាតិ លោក ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុងស្រុក លោក លោកស្រីជាមេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធ។

លោកដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានសម្តែងនៅការសាទរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានបំពេញកិច្ចការងារបានយ៉ាងល្អនាពេលកន្លងមក ហើយវគ្គបណ្តុះបណ្តាលនេះគឺជាការបំពេញបន្ថែម និងជួយពង្រឹងដល់បងប្អូនសិក្ខាកាមទាំងអស់ឱ្យបានដឹង អំពីកិច្ចការងារជាអ្នកផ្សព្វផ្សាយព័ត៌មាននិងនាំពាក្យ។

លោក ប៉ែន បូណា ក៏បានលើកឡើងពីអភិក្រម៤ទម្រង់ ២ជំហាន និង១គោលការណ៍នៃការផ្តល់ព័ត៌មាន និងប្រតិកម្មឆ្លើយតបដោយក្នុងនោះមានដូចជា សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ សេចក្តីបំភ្លឺព័ត៌មាន សេចក្តីប្រកាសបដិសេដ
ដែលនេះគឺជាទម្រង់នៃការប្រតិកម្មឆ្លើយតប ដោយផ្អែកលើ ២ជំហានគឺ៖

* ១៖ ឆ្លើយតប និងប្រសិកម្មរហ័សចំពោះព័ត៌មានក្លែងក្លាយ មានចេតនាញុះញ៉ុង អគតិ និងបង្កាច់បង្ខូចដល់រាជរដ្ឋាភិបាល
* ២៖ ចុះទៅដល់ទីតាំងកើតហេតុ ដែលមានការរាយការណ៍នៅព័ត៌មានមិនពិតនោះ ឱ្យបានលឿនរហ័ស ដើម្បីជាការឆ្លើយតបចំពោះព័ត៌មានមិនពិតទាំងនោះ ទៅតាមគោការណ៍ លឿន រហ័ស និងមានប្រសិទ្ធិភាព។

ឆ្លៀតក្នុងឱកាសនោះលោក ប៉ែន បូណា បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ បន្តអនុវត្តកិច្ចការងារព័ត៌មាន និងអ្នកនាំពាក្យ និងចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់នៅរាល់ព័ត៌មានមិនពិត ព័ត៌មានដែលមានលក្ខណៈញុះញ៉ុង ធ្វើឱ្យពលរដ្ឋមានការយល់ខុសមកលើរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ជាពិសេសបង្កើតនូវរូបភាព និងវីដេអូដែលខិតខំសម្រេចបាននៅមូលដ្ឋាន ឲ្យមហាជនបានដឹងនូវកិច្ចខិតខំដែលសម្រេចបាន។

ជាមួយគ្នានោះដែរ លោក ម៉ៅ ឌុង បានឡើងថ្លែងនៅរបាយការណ៍ ដោយបានលើកឡើងពីកិច្ចការងារដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានអនុវត្ត ក៏ដូចជាវិស័យមួយចំនួនសម្រេចបាន ពិសេសកិច្ចការងារព័ត៌មាន និងសាធារណៈមតិ ដែលជាការងារស្នូលនិងសំខាន់ ហើយក៏សូមកោតសរសើរដល់ក្រុមសារណៈមតិខេត្តត្បូងឃ្មុំផងដែរ ដែលតែងតែតាមដាន និងធ្វើការឆ្លើយតបភ្លាមៗ ចំពោះពត៌មានមិនពិតក្លែងក្លាយមានចេតនាញុះញ៉ុង បង្កាច់បង្ខូច ដល់រដ្ឋបាលខេត្ត ព្រមទាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕