(វៀតណាម)៖ ព្រះឧបជ្ឈាយ៍ ជោតប្បសាទោ ថាច់ វ៉ាយ តំណាងឱ្យសាលាគណទាំង១៥ នៃខេត្តទាំង១៥ នៅកម្ពុជាក្រោម បានបង្ហាញក្ដីរំភើប និងបានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់នូវ គម្ពីព្រះត្រៃបិដក បាលី-ប្រែ និងវចនានុក្រម យ៉ាងច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរក្រោម។
តំណាងឱ្យសាលាគណទាំង១៥ ព្រះឧបជ្ឈាយ៍ ជោតប្បសាទោ ថាច់ វ៉ាយ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងធម្មការ និងសាសនា ដែលបានគិតគូដល់ព្រះពុទ្ធសាសនានៅកម្ពុជាក្រោម ដែលកន្លងមកមានការខ្វះខាតក្បួនខ្នាតលម្អិតក្នុងការសិក្សារៀនសូត្រ ជាពិសេសគឺអក្សសាស្រ្តខ្មែរនេះតែម្ដង។
ព្រះឧបជ្ឈាយ៍ ជោតប្បសាទោ បានមានសង្ឃដីការថា ធម្មទាននេះមានតម្លៃណាស់ក្នុងការចូលរួមអភិរក្ស និងថែរក្សាអ្វីដែលជាកេរិ៍្តតំណែលរបស់ដូចតាដែលបានបន្សល់ទុកមក។ ព្រះឧបជ្ឈាយ៍ បានសន្យាថា នឹងធ្វើយ៉ាងណាឱ្យវិស័យសិក្សារបស់ព្រះសង្ឃខ្មែរនៅកម្ពុជាក្រោមនេះ កាន់តែរីកចម្រើនថែមមួយកម្រិតទៀត ដើម្បីឱ្យគេដឹងថាខ្មែរនៅទីនេះ ក៏មានការសិក្សា មិនរស់នៅឯកការ ដោយទទួលបានការគាំទ្រពីសំណាក់ខ្មែរគ្រប់ទិសទី។
សូមជម្រាបថា គម្ពីព្រះត្រៃបិដក បាលី-ប្រែ និងវចនានុក្រម ដែលជាធម្មទានរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ មានដូចជា ព្រះត្រៃបិដកចំនួន ១៥ឈុត ស្មើនឹង១,៦៥០ក្បាល និងវចនានុក្រមចំនួន២៨៦ក្បាល គឺជាធម្មទានដំបូងគេ និងធំបំផុតមិនធ្លាប់មានឡើយ ដែលសាលាគណខេត្តទាំង១៥ នៅកម្ពុជាក្រោម អាចបានទទួលក្នុងចំនួនដ៏ច្រើនបែបនេះ៕