(កណ្ដាល)៖ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ពុងតែសាងសង់ «ភូមិវប្បធម៌» ដើម្បីបម្រើជូនដល់ភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អាចស្វែងយល់អំពីវប្បធម៌ខ្មែរ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា ឆារស៍ វ៉ាន់ ទទួលភ្ញៀវមកពីស្ថានទូតអូស្រ្តាលី, ក្រុមហ៊ុនឯកជនអូស្រ្តាលី និងភ្ញៀវមកពីសភាពាណិជ្ជកម្មអាម៉េរិក/បារាំង និងអឺរ៉ុបសរុបចំនួនជាង ១៥០នាក់ អញ្ជើញទស្សនា និងពិនិត្យវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺគាត់ស្រលាញ់វប្បធម៌ខ្មែរខ្លាំងណាស់ [...] យើងមានភូមិវប្បធម៌មួយ នៅខេត្ដសៀមរាប ដូច្នេះនៅពេល ដែលសាងសង់ព្រលាននេះ គឺគាត់យល់ឃើញថា គួរតែមានភូមិវប្បធម៌សមរម្យមួយ នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ»។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានប្រាប់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងសាងសង់រចនាបទផ្ទះខ្មែរ និងកំពុងរៀបចំបរិវេណនោះ ជាតំបន់ភូមិវប្បធម៌មួយ ដែលមានរូបចម្លាក់រចនាបទខ្មែរ និងអាចផ្ដល់ដល់ភ្ញៀវទេសចរ យល់ដឹងអំពីវប្បធម៌ខ្មែរ។
លើសពីនោះទៀត លោកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា «ភូមិវប្បធម៌» នៅអាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងផ្ដល់ជូនដល់ប្រជាជនខ្មែរ នៅក្នុងស្រុកផងដែរ ដោយមិនមែនបម្រើជូនតែភ្ញៀវទេសចរនោះទេ គឺបម្រើជូនភ្ញៀវទាំងអស់ រួមទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកឧកញ៉ា ឆារស៍ វ៉ា បានគូសបញ្ជាក់ថា «ភូមិវប្បធម៌» នេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ឲ្យបានយល់ដឹងអំពីវប្បធម៌ខ្មែរ និងប្រវិត្ដសាស្ដ្រខ្មែរ។
សូមជម្រាបថា «ភូមិវប្បធម៌កម្ពុជា» នៅខេត្តសៀមរាប បានប្រកាសបិទដំណើរការអាជីវកម្មទាំងស្រុង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យចំនួនភ្ញៀវ ចូលមកទស្សនាមានការថយចុះយ៉ាងគំហុកជាច្រើនខែ។
ភូមិវប្បធម៌កម្ពុជា មានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប។ ភូមិវប្បធម៌កម្ពុជា គឺជាកូនភូមិគំរូមួយដែលមានសំណង់ ផ្ទះ និង អាគារប្រវត្តិសាស្រ្តទំនាមទំលាប់របស់ប្រជាជនខ្មែរ និង ជីវភាពរបស់ជនជាតិទាំងអស់។ កន្លែងនេះមានទំហំ ២១០ ០០០ ម៉ែត្រការ៉េ។
ក្នុងភូមិវប្បធម៌កម្ពុជាមានភូមិចំនួន១២ ដែលតំណាងឲ្យវប្បធម៌ផ្សេងៗគ្នា និង ចរិតលក្ខណៈរបស់ជនជាតិ១៩។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការសំដែងរបាំអប្សរា និង របាំរបស់ជនជាតិភាគតិចនៅកម្ពុជា និង អាចទស្សនាការសំដែងអំពីប្រពៃណីរៀបអាពាហ៌ពិពាហ៌របស់ជនជាតិខ្មែរ។
នៅតាមភូមិនិមួយៗ អ្នកទេសចរណ៍អាចមើលឃើញអំពីការបង្ហាញអំពីរបៀបឆ្លាក់លើថ្ម លើឈើ ដំគ្រឿងប្រាក់ និងច្នៃត្បូង។
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។
អាកាសយានដ្ឋានេះ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕