(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ផ្តល់អនុសាសន៍១០ចំណុច ដល់ស្ថាប័នពាក់ព័ន្ធបន្តអនុវត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

អនុសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងការអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

ក្រៅពីការលើកឡើងនូវលទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលក៏ដូចជាសភាសម្រេចបាន នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការកសាងច្បាប់ បទដ្ឋានគតិយុត្តនានា ក៏ដូចជាការដាក់ចេញនូវកម្មវិធី គោលនយោបាយជាច្រើនរួចមកហើយនោះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ចំនួន១០ចំណុចរួមមាន៖

*ទី១៖ រួមគ្នាបន្តអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី ៦ (ឆ្នាំ២០២៤-២០២៨) ដោយមានស្នូលនៃផែនការផ្តោតលើបរិវត្តកម្មយេនឌ័រ

*ទី២៖ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមរយៈការលើកកម្ពស់យន្តការអន្តរក្រសួង ស្ថាប័ន និងវិធានការពហុវិស័យ និងការអនុវត្តកម្មវិធីភាពជាមាតាបិតា និងការអប់រំកូនតាមបែបវិជ្ជមាន

*ទី៣៖ ជំរុញការចូលរួមរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសាធារណៈ តាមរយៈគំនិតផ្តួចផ្តើម និងគោលនយោបាយកសាងសមត្ថភាពដែលលើកទឹកចិត្តស្ត្រីឱ្យទទួលនូវតួនាទីជាអ្នកដឹកនាំនៅគ្រប់វិស័យ និងគ្រប់កម្រិត

*ទី៤៖ ពង្រីកកម្មវិធីដែលផ្តោតលើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី រួមទាំងផ្តល់ការគាំទ្រសម្រាប់សហគ្រិនស្ត្រី និងគំនិតផ្តួចផ្តើមដែលជួយសម្រួលដល់ស្ត្រី ក្នុងការទទួលបានធនធាន ទីផ្សារ និងការបណ្តុះបណ្តាល

*ទី៥៖ ធានាថា ក្មេងស្រីទាំងអស់មានលទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពប្រកបដោយគុណភាពនិងទាន់ពេលវេលា ជាពិសេសស្រ្តីនិងក្មេងស្រីនៅតំបន់ជនបទដាច់ស្រយាល និងតំបន់ដែលខ្វះខាត ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការសម្រេចចិត្តទាក់ទងនឹងសុខភាព និងផែនការគ្រួសារ

*ទី៦៖ អនុវត្តប្រព័ន្ធថវិកា និងការត្រួតពិនិត្យដែលឆ្លើយតបនឹងយេនឌ័រនៅគ្រប់គោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា ការគិតគូរ រួមបញ្ចូលទិដ្ឋភាព នៃសមភាពយេនឌ័រ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការ និងការបែងចែកធនធាននៅគ្រប់កម្រិត និងគ្រប់វិស័យអាទិភាព

*ទី៧៖ ជំរុញយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីសហគមន៍ដែលមានគោលបំណងផ្លាស់ប្តូរឥរិយាបថសង្គម ចំពោះស្ត្រីនិងកុមារី និងអប់រំដល់សាធារណជន ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី

*ទី៨៖ លើកទឹកចិត្តនិងផ្តល់ឱកាសដល់ស្ត្រីនិងកុមារីបានចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) តាមរយៈការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការបណ្ដុះចំណាប់អារម្មណ៍ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី

*ទី៩៖ បង្កើតអក្ខរកម្មឌីជីថលសម្រាប់ស្ត្រីនិងកុមារី ព្រមទាំងគាំទ្រដល់ស្ត្រី ឱ្យមានសំឡេងខ្លាំងជាងមុន និងមានវត្តមានច្រើនជាងមុននៅក្នុងប្រព័ន្ធអេកូឌីជីថល

*ទី១០៖ ផ្តល់ភាពអង់អាចដល់ស្ត្រីឱ្យចូលរួមក្នុងការធ្វើផែនការទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការបង្កើតគោលនយោបាយ ការអនុវត្តនិងការពិចារណាអំពីយេនឌ័រក្នុងការសម្របសម្រួល និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

សម្តេចរដ្ឋសភាធិកាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមគាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានដាក់ចេញ និងពង្រឹងការអនុវត្តគោលនយោបាយ កម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត។ ទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ ដើម្បីពន្លឿនវឌ្ឍនភាព ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជានាឆ្នាំ២០៥០៕