(សៀមរាប)៖ សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានរៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «ស្ត្រីលើវិថីអ្នកជំនួញសម័យ AI» នៅសណ្ឋាគារសុខាល័យអង្គរ ក្នុងក្រុងសៀមរាប។
ពិធីនេះក្រោមវត្តមានរបស់លោកស្រី ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត និងលោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ព្រមទាំងលោក លោកស្រី មកពីស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តជាច្រើនចូលរួមផងដែរ។
ថ្កែងក្នុងឱកាសនោះលោកស្រី ទុយ ជិ ប្រាក់ សោភ័ណ បានលើកឡើងថា ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ «ស្ត្រី លើវិថីអ្នកជំនួញសម័យ AI» ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៤ ដែលសមាគម សហគ្រិន ស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានប្រារព្ធឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ទៅកាន់អ្នកទាំងអស់គ្នា។ លោកស្រីបន្តថា ការផ្តល់តម្លៃឲ្យស្ត្រី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់សង្គមជាតិទាំងមូល និងការកើនឡើងនៃតួនាទីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកស្រីបានកោតសសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្ត ជាពិសេសក្រុមប្រឹក្សាភិបាលទាំងអស់ក្នុងអាណត្តិទី២នេះ ដែលបានបំពេញការងារយ៉ាងសម្បើមក្នុងការជួយគាំទ្រ និងការពារស្ត្រី ជាពិសេសស្ត្រី សមាគមសហគ្រិន តាមរយៈការបណ្តុះបណ្តាលជំនាញនានា ការប្រឹក្សាយោបល់ ការកសាងបណ្តាញធុរកិច្ច ក្នុងការប្រមូលបញ្ហាប្រឈមនានារបស់សហគ្រិនស្ត្រី ដើម្បីនាំយកបញ្ហាប្រឈម ឬសំឡេងស្ត្រី ទៅជូនស្ថាប័ន ឬអ្នកធ្វើគោលនយោបាយពាក់ព័ន្ធនានា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការស្វែងរកដំណោះស្រាយ ក៏ដូចជាការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រី។
លោកស្រីបន្ថែមថា អាជ្ញាធរខេត្តបានកំពុងគាំទ្រដល់សកម្មភាពសហគ្រិនស្ត្រីនៅក្នុងខេត្ត សំខាន់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា។ ក្នុងនោះដែរ សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្ត គឺជាដៃគូដែលមិនអាចខ្វះបាន និងជាដៃគូយុទ្ធសាស្ត្រយូរអង្វែងសម្រាប់កិច្ចការសហគ្រិនភាពរបស់យើង ដើម្បីឲ្យមានចីរភាព។
លោកស្រីបញ្ជាក់ថា ការដឹកនាំ និងគ្រប់គ្រងរបស់ស្ត្រី ក៏មានភាពខុសប្លែកគ្នាពីបុរសខ្លះៗដែរ គឺបុរសមានភាពរឹងមាំជាងស្ត្រីក្នុងការដឹកនាំស្ថាប័ន ឬក្រុមហ៊ុនជាដើម ប៉ុន្តែបើបុរសរឹងមាំ ស្ត្រីត្រូវតែទន់ភ្លន់ ទើបអាចប្រព្រឹត្តិទៅបាន តែបើស្រ្តីរឹងមាំ បុរសត្រូវទន់ភ្លន់វិញទើបប្រសើរ បើមិនដូច្នោះទេ គឺមិនអាចរកភាពជោគជ័យបានឡើយ។ ដើម្បីអ្នកទាំងអស់គ្នា ក្នុងការអបអរសាទរ ទិវាអន្តរជាតិនារី៨ មីនា ខួបទី១១៤ និងការចែករំលែកចំណេះដឹងជាសាធារណ:លើប្រធានបទ «ស្ត្រីលើវិថីអ្នកជំនួញសម័យ AI» ចាប់ពី ពេលនេះទៅ និងទទួលបានលទ្ធផលតាមការរំពឹងទុក៕